×

គ្រូអេស្ប៉ាញថា កូនក្រុមបានធ្វើសំខាន់សម្រាប់ប្រទេសជាតិក្រោយយកឈ្នះស្វីស

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ លោក Luis de la Fuente បាននិយាយថា កូនក្រុមរបស់លោក បានធ្វើរឿងដ៏សំខាន់សម្រាប់ប្រទេសជាតិបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិស្វីស នៅក្នុងការប្រកួត UEFA Nations League បើទោះជាក្រុមនៅសល់គ្នាតែ១០នាក់ក្តី។

ជាការពិត ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Stade de Genève ស្ថិតនាទីក្រុង Geneva នោះក្រុមភ្ញៀវអេស្ប៉ាញបានគ្របសង្កត់គូប្រកួត ដោយស្ថិតិនៃការគ្រប់គ្រងបាល់មានដល់ទៅ ៦៦ ភាគរយ និង ឱកាសស៊ុតដល់ទៅ ២០ដង ខណៈក្រុមម្ចាស់ផ្ទះស្វីស មានឱកាសស៊ុតតែ៨ដង។

លេងបាន៤នាទី Joselu ជាអ្នករកគ្រាប់បាល់ទី១សម្រាប់ក្រុមអេស្ប៉ាញ ខណៈស្វីសមានឱកាសតាមបាន១គ្រាប់ដែរដោយ Becir Omeragic ប៉ុន្តែក៏ត្រូវបដិសេធទៅវិញក្រោយអាជ្ញាកណ្តាលពិនិត្យ VAR។ នាទី១៣ Fabián Ruiz ជាអ្នករកគ្រាប់បាល់ទី២អោយអេស្ប៉ាញ។ យ៉ាងណា នាទី២០ កីឡាករអេស្ប៉ាញ Robin Le Normand ត្រូវបានពិន័យកាតក្រហមក្រោយបង្កកំហុសលើ Breel Embolo។ នៅនាទី៤១ មុនចប់វគ្គទី១ Zeki Amdouni ក៏តាមបាន១គ្រាប់បានសម្រេចអោយក្រុមស្វីស។

អេស្ប៉ាញនៅសល់គ្នាតែ១០នាក់មែន ប៉ុន្តែពួកគេនៅតែបង្ហាញទម្រង់លេងយ៉ាងល្អ នៅក្នុងវគ្គទី២ ដោយអាចតាមបាន២គ្រាប់បន្ថែមទៀត ពី Fabián Ruiz នៅនាទី ៧៧ និង Ferran Torres នៅនាទី៨០ ខណៈក្រុមស្វីសមិនអាចស្វែងរកគ្រាប់បាល់ជាបន្តទេ គឺលទ្ធផល អេស្ប៉ាញ ៤ ស្វីស ១ បន្តដល់ចប់ការប្រកួត។

វាជាជោគជ័យ សាជាថ្មីរបស់ក្រុមអេស្ប៉ាញ ដោយរាប់ចាប់តាំងពីការប្រកួត UEFA Euro 2024 មកទល់បច្ចុប្បន្ន ពួកគេមិនទាន់ស្គាល់ការចាញ់នោះទេ ហើយបើទោះជាការប្រកួតទល់នឹងក្រុមស្វីសនេះ ពួកគេបានចាញ់ប្រៀបចំនួនសមាជិកលើទីលានមែន ប៉ុន្តែកីឡាករក្រុមអេស្ប៉ាញ នៅតែ តស៊ូយ៉ាងខ្លាំងក្លា ហើយទទួលបានជ័យជំនះទៀត ដែលបានធ្វើអោយគ្រូបង្វឹកលោក Luis de la Fuente មានការកោតសរសើរចំពោះកីឡាករ និង ថាពួកគេបានធ្វើរឿងដ៏សំខាន់សម្រាប់ប្រទេសអេស្ប៉ាញ។

គ្រូបង្វឹកវ័យ ៦៣ឆ្នាំ បាននិយាយក្រោយចប់ការប្រកួតដូច្នេះ “ កីឡាករបានធ្វើរឿងដ៏សំខាន់ សម្រាប់ប្រទេសអេស្ប៉ាញ។ ពួកគេព្យាយាមបង្ហាញមនុស្សគ្រប់គ្នាអំពីភាពខ្លាំងរបស់ក្រុម។ កីឡាករបានតស៊ូ និង ពលីសម្រាប់ក្រុម ហើយខ្ញុំភ្ញាក់ផ្អើលនិងមានមោទភាពណាស់ដែលបានដឹកនាំពួកគេ។”

ឆ្លងកាត់២ប្រកួត ក្នុងក្រុមទី៤ លីគ A នៃពានរង្វាន់ UEFA Nations League ក្រុមអេស្ប៉ាញ មាន៤ពិន្ទុ ឈរលេខ២ ខណៈក្រុមដាណឺម៉ាកនៅកំពូលតារាងមាន៦ពិន្ទុ។ ក្រុមសែបនៅលេខ៣ មាន១ពិន្ទុ ហើយក្រុមស្វីសនៅបាតតារាងមាន០ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង