គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បាននិយាយថា ក្រុមរបស់លោកនឹងបន្តអវត្តមានខ្សែប្រយុទ្ធ Lionel Messi ក្នុងការប្រកួតទល់នឹងក្រុមកូឡុំប៊ី នៅក្នុង ការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង ជុំទី៨។
ជាការពិត Lionel Messi បានរងរបួសកជើងខាងស្តាំ អំឡុងការប្រកួតពានរង្វាន់ Copa America 2024 វគ្គផ្តាច់ព្រ័ត្រនាទឹកដីសហរដ្ឋអាមេរិក កាលពីពាក់កណ្តាលខែកក្កដា ដោយពួកគេបានយកឈ្នះក្រុមកូឡុំប៊ី ដោយលទ្ធផល ១-០ ដើម្បីក្លាយជាជើងឯកពានរង្វាន់បាល់ទាត់កំពូលទ្វីបអាមេរិកខាងត្បូង ជាលើកទី១៦ នៅក្នុងប្រវត្តិសាស្ត្រ។
ដោយសាររបួសនេះ កីឡាករ វ័យ៣៧ឆ្នាំ បានអវត្តមានពីការប្រកួតលើទីលានជាច្រើនសប្តាហ៍មកហើយ ដោយក្នុងមានទាំងការប្រកួតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន និង ការប្រកួតក្លិប Inter Miami របស់គេផងដែរ។
នៅខណៈដែលក្រុមអាហ្សង់ទីនកំពុងត្រៀមខ្លួនដើម្បីនឹងជួបប្រកួតគ្នាសាជាថ្មីជាមួយក្រុមកូឡុំប៊ីនោះ គ្រូបង្វឹកលោក Lionel Scaloni បានអះអាងថា Lionel Messi នឹងបន្តអវត្តមានជាមួយក្រុមពពកស។ យ៉ាងណាមិញ លោក Lionel Scaloni នឹងរំពឹងថា ក្រុមនឹងទទួលបានលទ្ធផលល្អដូចការប្រកួតកន្លងទោះមិនមានវត្តមានកីឡាករសំខាន់ Messi ក៏ដោយ។
លោក Lionel Scaloni បានថ្លែងមុនការប្រកួតចូលមកដល់បែបនេះ “ ពិតណាស់ Messi នឹងបន្តអវត្តមានពីក្រុមរបស់យើងតទៀត។ វាមានភាពពិបាកសម្រាប់ក្រុមរបស់យើងដែរ ដ្បិតយើងពឹងផ្អែកច្រើនទៅលើ Messi។”
គ្រូបង្វឹកវ័យ ៤៦ឆ្នាំ បន្តថា “យ៉ាងណា អ្វីដែលល្អសម្រាប់ក្រុមរបស់យើងគឺថា យើងមានផែនការប្រកួតត្រៀមទុកមុនជានិច្ច ហើយមិនថា កីឡាកររូបណាអវត្តមានទេ ទម្រង់លេងរបស់យើងនៅតែល្អមិនប្រែប្រួល។ ដូច្នេះ វាជាភស្តុតាងដែលថា នៅពេលដែល Messi មិននៅទីនោះ យើងបន្តធ្វើបានល្អ និង បានឈ្នះការប្រកួតដូចគ្នា។”
សូមបញ្ជាក់ថា ក្រុមអាហ្សង់ទីន នឹងត្រូវធ្វើដំណើរទៅជួប ជាមួយក្រុមកូឡុំប៊ី នៅយប់ថ្ងៃទី១០ ខែកញ្ញា ខាងមុខ នាកីឡដ្ឋាន Metropolitano Roberto Meléndez។
ឆ្លងកាត់ការប្រកួតចំនួន ៧ ប្រកួតកន្លងមកនៅក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង ក្រុមអាហ្សង់ទីន ដោយឈ្នះ ៦ ចាញ់ ១ ប្រកួត ។ ពួកគេកំពុងឈរកំពូលតារាង មាន១៨ពិន្ទុ ខណៈក្រុមកូឡុំប៊ីនៅលេខ៣ មាន ១៣ពិន្ទុ ក្រោយឆ្លងកាត់៧ប្រកួតដូចគ្នា ដោយឈ្នះ ៣ ស្មើ៤ដង៕