×

ខ្សែប្រយុទ្ធ Harry Kane ថា Cristiano Ronaldo ជាអ្នកជំរុញខ្លួនអោយលេងបាល់ទាត់បានយូរឆ្នាំ

ខ្សែប្រយុទ្ធ Harry Kane បាននិយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នកអ្នកជម្រុញទឹកចិត្តរបស់គេ អោយរក្សាការលេងបាល់ទាត់បានយូរឆ្នាំ។

ជាការពិត Harry Kane ដែលបច្ចុប្បន្នមាន ៣១ឆ្នាំ បានចូលលេងប្រកួតទី ១០០ អោយក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ដោយយកឈ្នះក្រុមហ្វាំងឡង់ដោយលទ្ធផល ២-០ នៅក្នុងការប្រកួត UEFA Nations League ជុំទី២ ក្រុមទី២ ពូល B ហើយគ្រាប់បាល់ជ័យជំនះទាំង២គ្រាប់នោះធ្វើបានដោយរូបគេទៀត។ ការបង្ហាញខ្លួននោះដែរ បានធ្វើអោយ Harry Kane ជាប់ក្នុងបញ្ជីកីឡាករលេងអោយក្រុមជម្រើសជាតិអង់គ្លេសច្រើនជាងគេលំដាប់ទី១០។

សម្រាប់ Cristiano Ronaldo វិញ បានរកបានគ្រាប់បាល់ទី៩០១ ក្នុងអាជីពបាល់ទាត់ ដែលមិនមានកីឡាករបាល់ទាត់រូបណាអាចធ្វើបាន ខណៈដែលកីឡាកររបស់ព័រទុយហ្គាល់រូបនេះបានឈានចូលដល់វ័យ៣៩ឆ្នាំទៅហើយ។

ជាមួយនឹងការបង្ហាញខ្លួននៅលើទីលានទោះជាមានវ័យច្រើនហើយក៏ដោយរបស់ Cristiano Ronaldo បានក្លាយជាការជម្រុញទឹកចិត្តមួយសម្រាប់ Harry Kane ក្នុងការលេងបាល់ទាត់ជាច្រើនទៀត។
ទាក់ទិននឹងរឿនេះ Harry Kane បាននិយាយថា “វាជាការប្រកួតដ៏រីករាយសម្រាប់ក្រុម និង រូបខ្ញុំ។ ខ្ញុំស្រឡាញ់ការប្រកួត ខ្ញុំស្រឡាញ់ក្រុមអង់គ្លេស ហើយខ្ញុំមិនទាន់ចង់បញ្ចប់វានៅពេលឆាប់ៗនេះទេ។ ខ្ញុំចង់នៅលេងបានយូរដូច Cristiano Ronaldo។”

សមាជិកក្លិប Bayern Munich បន្តថា “ Ronaldo ជាអ្នកជម្រុញទឹកចិត្តខ្ញុំ ហើយនៅពេលខ្ញុំបានឃើញរូបគេ រកបាន ៩០១ គ្រាប់នៅក្នុងអាជីពនោះ ខ្ញុំពិតជាចង់នៅលេងអោយបានយូរតាមដែលអាចធ្វើទៅបាន ទោះជាមានវ័យច្រើនក៏ដោយ។”

សូមបញ្ជាក់ដែរថា Harry Kane បានចូលលេងអោយក្រុមជម្រើសជាតិអង់គ្លេសនៅឆ្នាំ២០១៥ ដោយពេលនេះគេបង្ហាញខ្លួនបានគ្រប់១០០ប្រកួត និងរកបានគ្រាប់បាល់សរុបបានចំនួន ៦៨គ្រាប់ ដែលធ្វើអោយរូបគេគឺជាអ្នករកបានគ្រាប់បាល់បានច្រើនជាងគេសម្រាប់អង់គ្លេសមិនធ្លាប់មានកីឡាកររូបណាធ្វើបានឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង