×

ខ្សែបម្រើ Kevin de Bruyne ថា ខ្លួនខឹងសម្បារមិត្តរួមក្រុមក្រោយបែលហ្ស៊ីកចាញ់បារាំងនៅ UEFA Nations League

ប្រធានក្រុមបែលហ្ស៊ីក ខ្សែបម្រើ Kevin de Bruyne បានបង្ហាញពីការខឹងសម្បារក្រោយប្រកួតចាញ់ក្រុមជម្រើសជាតិបារាំង នាជំនួបពានរង្វាន់ UEFA Nations League ក្នុងលទ្ធផល ២-០ កាលពីពេលថ្មីៗនេះ។

នេះជាការបរាជ័យសាជាថ្មីរបស់ក្រុមបែលហ្ស៊ីកបន្ទាប់ពីពួកគេ ធ្លាប់បានចាញ់ក្រុមបារាំងដោយលទ្ធផល ១-០ កាលពីព្រឹត្តិការណ៍ UEFA Euro 2024 វគ្គ ១៦ក្រុម ចុងក្រោយ។

ការចាញ់បានធ្វើអោយ Kevin de Bruyne ខឹងសម្បារនិងខកចិត្តជាខ្លាំង ចំពោះទម្រង់លេងរបស់ក្រុមបែលហ្ស៊ិក ដោយគេនិយាយថាមិត្តរួមក្រុមបានបង្កកំហុសច្រើនក្នុងការប្រកួត។

ជុំវិញរឿងនេះ កីឡាករវ័យ៣៣ឆ្នាំ បានអោយដឹងដូច្នេះថា “យើងបានបង្កកំហុសជាច្រើននៅពេលប្រកួត។ ខ្ញុំបានស្តីបន្ទោសមិត្តរួមក្រុមរួចមកហើយ។ ខ្ញុំចង់អោយមានរឿងល្អប្រសើរឡើងវិញ តាមគ្រប់វិធីសាស្ត្រដែលត្រូវធ្វើ ប្រសិនបើយើងចង់ឈានដល់ចំណុចកំពូលម្តងទៀត។ តែយើងមិនល្អដូចពីមុនឡើយ ដើម្បីទៅដល់កម្រិតនោះម្តងទៀត ហើយបើអ្នកមិនខំប្រឹងធ្វើវាទេ វានឹងបញ្ចប់គ្រប់យ៉ាង។”

ការប្រកួតក្នុងលីគ A ក្រុមទី២ កាលពីសប្តាហ៍មុន បែលហ្ស៊ីក រីករាយចំពោះលទ្ធផលឈ្នះលើក្រុមអ៊ីស្រាអែល ៣-១ ខណៈបារាំងប្រកួតចាញ់ក្រុមអ៊ីតាលី លទ្ធផល ៣-១ ប៉ុន្តែការប្រកួតក្នុងសប្តាហ៍នេះ បែលហ្ស៊ិក បែរជាជួបលទ្ធផលចាញ់បារាំងទៅវិញ។

ក្រោយឆ្លងកាត់២ប្រកួតដូចគ្នានៅក្នុង ក្រុមទី២ លីគ A នៃ ពានរង្វាន់ UEFA Nations League នេះ គឺ ក្រុមអ៊ីតាលី កំពុងឈរកំពូលតារាងមាន៦ពិន្ទុ បារាំងនៅលេខ២ មាន៣ពិន្ទុ បែលហ្ស៊ីកនៅលេខ៣ មាន៣ពិន្ទុ ហើយអ៊ីស្រាអែលនៅបាតតារាងមាន០ពិន្ទុ។

ការប្រកួតជាបន្តគឺ បែលហ្ស៊ីក ត្រូវប៉ះអ៊ីតាលី ហើយបារាំង ប៉ះ អ៊ីស្រាអែល នៅថ្ងៃទី១០ ខែតុលាខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង