×

ខ្សែបម្រើកូរ៉េខាងត្បូង Son Jun Ho បដិសេធ ការចោទប្រកាន់ពីសមាគមបាល់ទាត់ចិនករណីរៀបចំលទ្ធផលការប្រកួត

ខ្សែបម្រើកូរ៉េខាងត្បូង Son Jun Ho បដិសេធ ការចោទប្រកាន់ពីសមាគមបាល់ទាត់ចិនករណីរៀបចំលទ្ធផលការប្រកួត។

សមាគមកីឡាបាល់ទាត់ចិន បានដាក់បម្រាមលើមនុស្សចំនួន៤៣នាក់ពីសកម្មភាពបាល់ទាត់អស់មួយជីវិត ជុំវិញការចោទប្រកាន់ពាក់ព័ន្ធការលេងល្បែងភ្នាល់បាល់ និងការរៀបចំលទ្ធផលការប្រកួត ដោយនៅក្នុងនោះរួមទាំងអតីតកីឡាករជម្រើសជាតិចិន៣នាក់ និងខ្សែបម្រើជនជាតិកូរ៉េខាងត្បូង Son Jun-ho ផងដែរ។

អាជ្ញាធរចិនបានប្រកាសថា ការដាក់បម្រាមលើមនុស្ស៤៣នាក់ភាគច្រើនជាកីឡាករ ដែលស្ថិតនៅក្នុងចំណោមមនុស្សសរុបចំនួន ១២៨នាក់ ដែលជាប់ពាក់ព័ន្ធនៅក្នុងការស៊ើបអង្កេតរយៈពេល២ឆ្នាំ លើការលេងល្បែងភ្នាល់បាល់ខុសច្បាប់ និងការរៀបចំលទ្ធផលការប្រកួតក្នុងស្រុក ប្រមាណ ១២០ប្រកួត។

ក្នុងនោះដែរ សមាគមបាល់ទាត់ចិនបានចោទប្រកាន់ខ្សែបម្រើ Son Jun-ho ដែលធ្លាប់លេងអោយក្លិប Shandong Taishan នៅលីគកំពូលរបស់ចិនថា ជាប់ពាក់ព័ន្ធនឹងការរៀបចំលទ្ធផលការប្រកួត និងទទួលសំណូក។

កីឡាករវ័យ៣២ឆ្នាំ បានវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ កាលពីខែមីនាឆ្នាំនេះ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល១០ខែនៅក្នុងប្រទេសចិន។

ទោះយ៉ាងណា ជុំវិញការចោទប្រកាន់នេះ កីឡាករ Son Jun-ho បានរៀបរាប់បានអ្នកសារពត៌មានទាំងទឹកភ្នែកថា “រូបខ្ញុំមិនបានពាក់ពន័្ធនឹងការរៀបចំលទ្ធផលទុកជាមុនទេ ហើយខ្ញុំត្រូវបានគេគំរាមអោយទទួលយកនូវទង្វើដែលខ្ញុំមិនបានប្រព្រឹត្ត។”

កីឡាបាល់ទាត់នៅក្នុងប្រទេសចិន បានជួបប្រទះនឹងអំពើពុករលួយអស់ពេលជាយូរមកហើយ ដែលដើមចមអ្នកគាំទ្របានស្តីបន្ទោសចំពោះការធ្វើមិនបានល្អរបស់ក្រុមជម្រើសជាតិផ្នែកបុរស។ ប្រទេសចិនបានបង្កើនការបង្ក្រាបអំពើពុករលួយដែលទាក់ទងនឹងបាល់ទាត់។ តួយ៉ាង លោក Chen Xuyuan អតីតប្រធានសមាគមបាល់ទាត់ចិន កាលពីខែមីនា ឆ្នាំ២០២៤ ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារអស់មួយជីវិតពីបទទទួលសំណូក។ ក្រោយមក កាលពីខែសីហាអតីតអនុប្រធានសមាគមបាល់ទាត់ចិន ក៏ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល១១ឆ្នាំពីបទទទួលសំណូក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង