ខ្សែប្រយុទ្ធ Luka Modric បាននិយាយថា រូបគេនឹងចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នៅពេលដែល ពេលវេលាសមគួរបានមកដល់។
ការលើកឡើងរបស់ Luka Modric គឺឆ្លើយតបទៅនឹងសំណួរ ដែលសួរនាំអំពីពេលវេលានៃការចូលនិវត្តន៍របស់គេ។
ជុំវិញរឿងនេះ តារាជើងចាស់ឆ្នើមរបស់ក្លិប Real Madrid Luka Modric បានចេញមកបង្ហាញអំពីផែនការលំអិត ក្នុងការរៀបចំការចូលនិវត្តរបស់ខ្លួនពីបាល់ទាត់អាជីព គ្រាវ័យរបស់គេកាន់តែចាស់ទៅហើយនោះ ។
Modric ទើបតែបានអបអរសាទរ វ័យឈានចូល៣៩ឆ្នាំ ដោយបានជួយស៊ុតបាន១គ្រាប់ជួយអោយក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតយកឈ្នះក្រុមភ្ញៀវប៉ូឡូញ ដោយលទ្ធផល ១-០ នៅក្នុងការប្រកួតពានរង្វាន់ UEFA Nations League ថែមទៀត។
បែបនេះក្តី Luka Modric បានបង្ហាញនូវការថមថយខ្លះ នៃទម្រង់លេង របស់ខ្លួន។ ងាកទៅកាន់កុងត្រារបស់គេជាមួយនឹងក្លិបអេស្ប៉ាញ Real Madrid វិញ គឺនឹងមានសុពលភាពនៅត្រឹមឆ្នាំ២០២៥ប៉ុណ្ណោះ។
ទាក់ទិននឹងរឿងនេះ Luka Modric បាននិយាយថា “ ខ្ញុំនឹងបន្តតាមដាន ការប្រកួតនីមួយៗ ។ ខ្ញុំមិនទាន់ បានគិត១០០ភាគរយ អំពីអនាគតរបស់ខ្ញុំ នៅឡើយទេ ជាមួយនឹងបាល់ទាត់ ដរាបណាខ្ញុំ នៅតែមានកម្លាំងចិត្តលេងបាល់ ប៉ុន្តែប្រសិនបើកម្លាំងចិត្តទាំងនោះ វានឹងរលត់ទៅខ្ញុំ នឹងសម្រេចចិត្តថាត្រូវតែចូលនិវត្ត ។”
អតីតសមាជិក Tottenham Hotspur បន្តថា “ ខ្ញុំមិនចាំបាច់អោយអ្នកណាមកប្រាប់ខ្ញុំនោះទេ ពីព្រោះថាពេលវេលាសមគួរចូលមកដល់នៅថ្ងៃណាមួយខ្ញុំនឹងចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ ប៉ុន្តែបច្ចុប្បន្នខ្ញុំនឹងនៅតែបន្តលេងនៅឡើយ។”
ដោយឡែក Luka Modric ក៏បានទទួលយកការកាត់បន្ថយតួនាទីលេងនៅក្លិប Real Madrid ទៅអោយខ្សែបម្រើវ័យក្មេងដូចជា Eduardo Camavinga, Aurelien Tchouameni និង Jude Bellingham ជាដើម ចាប់តាំង តែពីពេលដែលមិត្តរួមក្លិប Real Madrid គឺ Tony Kroos បានសម្រេចចិត្តចូលនិវត្ត កាលពីពេលកន្លងមក៕