ខ្សែប្រយុទ្ធ Rodrygo បាននិយាយថា ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ត្រូវការខ្សែប្រយុទ្ធ Neymar ប្រសិនបើក្រុមចង់ឈ្នះពាន FIFA World Cup 2026 ។
កីឡាករវ័យ ២៣ឆ្នាំ ដែលរកគ្រាប់បាល់អោយក្រុមប្រេស៊ីលឈ្នះក្រុមអេក្វាឌ័រ ១-០ នៃការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង កាលពីសប្តាហ៍មុន បានលើកឡើងពី Neymar ថា ជាកីឡាករសំខាន់ក្នុងការនាំប្រេស៊ីលទៅរកភាពជោគជ័យ។
ដោយឡែក អវត្តមានរបស់ Neymar បានធ្វើអោយក្រុមប្រេស៊ីល ជួបរឿងលំបាកជាច្រើនក្នុងការប្រកួតប្រជែងទល់នឹងក្រុមខ្លាំងក្នុងតំបន់ និងពិភពលោក ដោយការប្រកួតពានរង្វាន់ Copa America 2024 កន្លងទៅ ប្រេស៊ីលបានធ្លាក់ចេញត្រឹមវគ្គ ៨ក្រុម ចុងក្រោយ ខណៈកាលឆ្នាំ ២០២១ ប្រេស៊ីល ឡើងដល់វគ្គផ្តាច់ព្រ័ត្រ។
ទន្ទឹមនឹងនេះ ការប្រកួតរបស់ប្រេស៊ីល ដែលគ្មានវត្តមានរបស់ Neymar ហាក់ដូចជាបាត់បង់សមត្ថភាពខ្លាំងក្នុងការប្រកួតប្រជែងទល់នឹងក្រុមខ្លាំងៗ ដោយការប្រកួតវគ្គជម្រុះ FIFA World Cup 2026 កន្លងទៅ ក្រុមប្រេស៊ីលបានប្រកួតចាញ់ អាហ្សង់ទីន កូឡុំប៊ី អ៊ុយរូហ្គាយ ហើយបើទោះជាបានឈ្នះអេក្វាឌ័រ ប៉ុន្តែពួកគេបន្តចាញ់ប៉ារ៉ាហ្កាយ ដោយលទ្ធផល ១-០ ទៀត។
ការលើកឡើងទាក់ទងនឹង Neymar នេះដែរ Rodrygo បានបង្ហាញអារម្មណ៍នឹករលឹកដល់កីឡាករ ដែលធ្លាប់បានកសាងស្នាដៃជាច្រើនក្នុងក្រុមប្រេស៊ីល។
កីឡាករវ័យ២៣ឆ្នាំ បាននិយាយដូច្នេះ “Neymar ជាកីឡាករឆ្នើមរបស់ប្រេស៊ីល។ យើងបានបាត់វត្តមានរបស់គេយូរមកហើយ។ នៅពេលមាន Neymar វាគឺជារឿងអ្វីដែលយើងចង់បាន និងជាពិសេសគឺចង់អោយរូបគេជាសះស្បើយពីរបួសបានលឿនបំផុត។ យើងចង់បានរូបគេវិលត្រឡប់មកវិញអោយបានឆាប់បំផុត។”
នៅក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2026 តំបន់ទ្វីបអាមេរិកខាងត្បូងវិញ ប្រេស៊ីលបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៥ រកបាន ១០ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតចំនួន ៨លើក និងមានគម្លាតពិន្ទុពីក្រុមកំពូលតារាងអាហ្សង់ទីនដល់ទៅ ៨ពិន្ទុ។ ប្រេស៊ីល ឈរពីក្រោមក្រុមកូឡុំប៊ី អ៊ុយរ៉ុហ្កាយ និង អេក្វាទ័រថែមទៀត។
សម្រាប់ការប្រកួត វគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង ជាបន្ត ក្រុមប្រេស៊ីល នឹងត្រូវជួបក្រុមឈីលី និង ប៉េរូ នៅខែតុលា ខាងមុខ៕