កីឡាករអូស្ត្រាលី Oscar Piastri បានទទួលជ័យជំនះនៅក្នុងការប្រណាំងរថយន្ត F1 កម្មវិធី Azerbaijan Grand Prix ដែលធ្វើឡើងនាទីក្រុង Baku ប្រទេសអាហ្សៃប៉ៃហ្សង់។
ជាការពិត ការប្រកួតនេះ កីឡាករទាំងអស់ត្រូវធ្វើការជិះចំនួន ៥១ ជុំទីលាន ដែលមានឈ្មោះថា Baku City Circuit សរុបចម្ងាយផ្លូវប្រមាណ ៣០៦, ០៤៩ គីឡូម៉ែត្រ ។
យ៉ាងណា កីឡាករ Oscar Piastri អាចបញ្ចប់ទីព្រ័ត្រមុនគេ ដោយសមាជិកក្រុម McLaren-Mercedes បានចាយពេលអស់ ១ម៉ោង ៣២នាទី និង ៥៨វិនាទី ចុច០០៧។ កីឡាករម៉ូណាកូ Charles Leclerc មកពីក្រុម Ferrari បញ្ចប់ចំណាត់ថ្នាក់លេខ២ យឺតជាង ១០វិនាទីចុច៩១០ ហើយកីឡាករអង់គ្លេស George Russell មកពីក្រុម Mercedes បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាង ៣១វិនាទី ចុច៣២៨។
នៅតារាងពិន្ទុសរុបវិញ កីឡាករហូឡង់ Max Verstappen នៅឈរកំពូលតារាង មាន ៣១៣ពិន្ទុ កីឡាករអង់គ្លេស Lando Norris នៅលេខ២ មាន២៥៤ពិន្ទុ ហើយកីឡាករ Charles Leclerc នៅលេខ៣ មាន ២៣៥ពិន្ទុ។
សូមបញ្ជាក់ថា កម្មវិធី Azerbaijan Grand Prix គឺជាដំណាក់កាលទី១៧ ក្នុងចំណោម ២៤ នៃការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៤នេះ។
ការប្រកួតជាបន្ត ដំណាក់កាលទី១៨ ជាកម្មវិធី Singapore Grand Prix ធ្វើឡើង នាទីក្រុង Singapore ប្រទេសសឹង្ហបុរី ថ្ងៃទី ២២ ខែកញ្ញា ខាងមុខ៕