លោក Mauricio Pochettino គ្រូបង្វឹកថ្មីក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក បានបង្ហាញពីភាពជឿជាក់ខ្ពស់ លើការកែប្រែសមត្ថភាពក្រុមថ្មីរបស់ខ្លួន ក្នុងខណៈដែលពួកគេត្រៀមជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026។
បុរសជនជាតិអាហ្សង់ទីន មិនមានការងារដឹកនាំក្រុមណាមួយទេ ចាប់តាំងពីចែកផ្លូវជាមួយ Chelsea កាលពីខែឧសភា បន្ទាប់ពីដឹកនាំបានមួយរដូវកាលប៉ុណ្ណោះ។ រីឯក្រុមបាល់ទាត់បុរសអាមេរិកក៏មិនមានគ្រូបង្វឹកអចិន្ត្រៃយ៍ចាប់តាំងពីលោក Gregg Berhalter ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី១០ខែកក្កដា ក្រោយទទួលលទ្ធផលមិនល្អនៅពានរង្វាន់ Copa America 2024។
សម្រាប់ការដឹកនាំក្រុមជម្រើសជាតិអាមេរិកនេះ លោក Mauricio Pochettino មានពេលវេលា ២ឆ្នាំ ក្នុងការរៀបចំ និងកែប្រែប្រព័ន្ធលេងក្រុម ដើម្បីត្រៀមខ្លួនប្រកួតប្រជែងព្រឹត្តិការណ៍ World Cup 2026។
អាមេរិក ម៉ិកស៊ិក និងកាណាដា នឹងធ្វើម្ចាស់ផ្ទះរួមគ្នា រៀបចំការប្រកួតបាល់ទាត់ពិភពលោក ដែលធ្វើឡើង ៤ឆ្នាំ ម្តងនេះ។ អតីតគ្រូបង្វឹក Tottenham Hotspur, Paris Saint Germain និង Chelsea បាននិយាយថា ការមកដឹកនាំក្រុមអាមេរិកគឺស្ថិតក្នុងពេលវេលាដ៏ត្រឹមត្រូវ ។
លោក Pochettino បាននិយាយបែបនេះ “គ្រប់គ្នាគិតថាវានឹងគ្មានពេលគ្រប់គ្រាន់ក្នុងការត្រៀមខ្លួន ហើយដើម្បីរកឃើញភាពខ្លាំងរបស់យើងទៅកាន់ការប្រកួត World Cup។ អ្វីខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នានោះ គឺខ្ញុំជឿថា ២ឆ្នាំ ជាពេលមួយគ្រប់គ្រាន់ ។ បាល់ទាត់គឺដូចនេះ វាត្រូវការអោយរកឃើញភាពខ្លាំង ហើយត្រូវចាប់ផ្តើមបង្ហាញវា អាមេរិកមានកីឡាករពូកែៗទាំងការគិត និងទេពកោសល្យ ពួកគេអាចធ្វើបាន។”
ដោយឡែក សម្រាប់ការកាន់តំណែងរបស់លោក Mauricio Pochettino នេះដែរ មានន័យថា ក្រុមបាល់ទាត់អាមេរិក ទាំងផ្នែកបុរស និង ផ្នែកនារី សុទ្ធតែមានគ្រូបង្វឹកជាអតីតគ្រូបង្វឹកក្លិប Chelsea ដោយក្រុមនារីអាមេរិក បានដឹកនាំដោយអ្នកស្រី Emma Hayes ដែលបានចូលកាន់តំណែងកាលពីដើមឆ្នាំនេះ។
សម្រាប់ ការដឹកនាំប្រកួតផ្លូវការដំបូងបំផុត របស់លោក Pochettino នឹងត្រូវធ្វើឡើងក្នុងជំនួបមិត្តភាពទល់នឹងក្រុមប៉ាណាម៉ា នៅថ្ងៃទី១២ ខែតុលា ស្ថិតក្នុងទីក្រុង Austin រដ្ឋតិចសាស់៕