ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមក ដោយក្លាយជាបុគ្គលដំបូងគេ ដែលមានអ្នកតាមដានរហូតដល់១ពាន់លាននាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ក្នុងនាមជាកីឡាបាល់ទាត់ និងជាអត្តពលិក ។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ៣៩ឆ្នាំ មានអ្នកតាមដានច្រើនបំផុតគឺនៅលើបណ្តាញសង្គម Instagram ដែលមានរហូតដល់ជាង ៦០០លាននាក់។ លើបណ្តាញសង្គម Facebook ជាង ១៧០លាននាក់ នៅលើបណ្តាញសង្គម X អតីត Twitter ជាង ១១២លនាក់ នៅលើកម្មវិធីវីដេអូកម្សាន្តចិន Kuaishou ជិត១០លាននាក់ និងបណ្តាញសង្គមយក្សរបស់ចិន Weibo ជាង ៧លាននាក់។ កាលពីថ្ងៃទី២១ ខែសីហា កីឡាករវ័យ ៣៩ឆ្នាំ បានចាប់ផ្តើមបើកដំណើរការឆានែល YouTube លើកដំបូងរបស់គេ ឈ្មោះថា UR-Cristiano ហើយរហូតមកដល់ពេលនេះ មានចំនួនអ្នកចុចតាមដាន Subscriber ចំនួន ៦០លាននាក់ផងដែរ។
សរុបចំនួនអ្នកចុចតាមដានកីឡាកររបស់ក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត រូបនេះ មកពីតាមបណ្តាញសង្គមទាំងអស់នោះបញ្ចូលគ្នា មានប្រមាណចំនួន ១ពាន់លាននាក់ ដែលជាការបំបែកកំណត់ត្រាថ្មីមួយថែមទៀត ។ កំណត់ត្រារបស់ Ronaldo ក៏គ្មានបុគ្គលណាម្នាក់ធ្លាប់ធ្វើបាននៅឡើយនោះទេ នៅលើពិភពលោក។ ជាមួយនឹងភាពជោគជ័យនេះ Cristiano Ronaldo បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានជួយរូបគេទទួលបានផ្លែផ្កា។
នៅក្នុងសារលើបណ្តាញសង្គមរបស់ Ronaldo បានសរសេរថា “យើងបានបង្កើតប្រវត្តិសាស្ត្រអ្នកតាមដាន១ពាន់លាននាក់ទាំងនេះគឺច្រើនលើសពីតួលេខ ហើយជាសក្ខីកម្មចំពោះចំណង់ចំណូលចិត្តរួមរបស់យើង សេចក្ដីអង់អាច និងសេចក្ដីស្រឡាញ់ចំពោះការប្រកួត។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល បានបន្ថែមទៀតថា “រាប់ចាប់ពីផ្លូវនៃតំបន់ម៉ាឌីរ៉ា រហូតដល់ដំណាក់កាលដ៏ធំបំផុតនៅលើពិភពលោក ខ្ញុំតែងតែលេងសម្រាប់គ្រួសារខ្ញុំ និងសម្រាប់អ្នក ហើយឥឡូវនេះ ១ពាន់លាននាក់នៃពួកយើងឈរជាមួយគ្នា។ អ្នកបាននៅជាមួយខ្ញុំគ្រប់ជំហានលើផ្លូវនេះ។”
កីឡាករម្ចាស់ពាន Ballon d’Or ៥សម័យ ថែមទាំងបានសន្យាជាមួយនឹងអ្នកគាំទ្រ ដែលបានចុចតាមដានទាំង ១ពាន់លាននាក់ ថានឹងបន្តនាំយកកំណត់ត្រាថ្មីជាច្រើនទៀតសម្រាប់ពួកគេក្នុងពេលខាងមុខ ហើយថែមទាំងអំពាវនាវថា នឹងរួមគ្នាបន្តជាមួយអ្នកគាំទ្រក្នុងបេសកកម្មដ៏ពិសេសទាំងនេះតទៅទៀត៕