គ្រូបង្វឹក Bayern Munich លោក Vincent Kompany បាននិយាយថា ការឈ្នះការប្រកួតវាគ្មានន័យឡើយសម្រាប់លោក បើក្រុម មិនអាចគ្រងជើងឯកពានរង្វាន់ Bundesliga សាជាថ្មី។
ការលើកឡើងរបស់បុរសជនជាតិបែលហ្ស៊ីក គឺបន្ទាប់ពីក្រុម Bayern Munich បានយកឈ្នះក្រុម Holstein Kiel ក្នុងការប្រកួតលីគកំពូលអាល្លឺម៉ង់កាលពីចុងសប្តាហ៍កន្លងទៅ ដោយលទ្ធផល ដល់ទៅ ៦-១។
ភាពខ្លាំងរបស់ Bayern Munich កាលពីរដូវកាលមុន បានបាត់បង់ក្រោយរបូតឱកាសឈ្នះពានរង្វាន់ Bundesliga កំណត់ត្រាលើកទី១២ របស់ខ្លួន បន្ទាប់ពី Bayer Leverkusen ជាអ្នកដណ្តើមយកបាន។
Bayern Munich នាំយកលោក Vincent Kompany មកដឹកនាំក្រុម ជំនួសតំណែងលោក Thomas Tuchel ដែលបានចាកចេញទៅ ក្រោយពីមិនអាចជួយក្រុមមួយនេះឈ្នះពាន រង្វាន់ណាមួយ។
ក្រោមការដឹកនាំរបស់ លោក Vincent Kompany នេះ ក្រុម Bayern Munich ធ្វើបានល្អនៅដើមរដូវកាលដោយឈ្នះការប្រកួតទាំងអស់។ ប៉ុន្តែ បើទោះជាដឹកនាំឈ្នះការប្រកួតបើកឆាក Bundesliga រដូវកាលថ្មី ៣ប្រកួតជាប់ៗគ្នា និងជាពិសេសការឈ្នះក្រុម Holstein Kiel ដល់ទៅ ៦-១ ក្តី ប៉ុន្តែ លោក Vincent Kompany ហាក់បីជាមិនទាន់សប្បាយរីករាយនៅឡើយ ដោយគោលបំណងធំរបស់លោកគឺចង់ឃើញក្រុមឈ្នះជើងឯក Bundesliga តែម្តង ហើយលោកយល់ថា ការឈ្នះការប្រកួតតែមិនបានឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ គឺគ្មានន័យឡើយ។
លោក Kompany បាននិយាយដូច្នេះ “យើងទើបលេងបាន ៣ប្រកួត ដំបូងប៉ុណ្ណោះ ខ្ញុំដឹងថាការឈ្នះការប្រកួតសម្រាប់ Bayern Munich ពិតជាសំខាន់ ប៉ុន្តែអ្វីការឈ្នះបែបនេះគ្មានន័យទេ បើយើងមិនអាចឈ្នះជើងឯក។ យ៉ាងណា ការលេងរបស់ក្រុមពិតជាល្អ ហើយយើងក៏នឹងនៅតែរក្សាការលេងដ៏ល្អបែបនេះម្តងហើយម្តងទៀត ដើម្បីសម្រេចគោលដៅរបស់យើង។”
ឆ្លងកាត់ ៣ប្រកួត ដើមរដូវកាលថ្មីនៃក្របខណ្ឌ Bundesliga ក្រុម Bayern Munich មាន៩ពិន្ទុ ឃ្លាតពីក្រុម Borussia Dortmund និង RB Leipzig ដែលតាមពីក្រោយចំនួន ២ពិន្ទុ។
ការប្រកួតជាបន្តនៅសប្តាហ៍ក្រោយ Bayern Munich នឹងត្រូវទៅជួបក្រុម Werder Bremen នាកីឡដ្ឋាន Weserstadion៕