គ្រូបង្វឹក Atletico Madrid លោក Diego Simeone បាន ធ្វើការកោតសរសើរ និងចាត់ទុកការនាំយកខ្សែបម្រើ Conor Gallagher មកចូលរួមបានក្លាយជាសក្តានុពលរបស់ក្រុមក្នុងការប្រកួតប្រជែងរដូវកាលថ្មី ២០២៤-២៥ នេះ។
កីឡាករ អង់គ្លេស បានចាកចេញពី Chelsea មកចូលរួម Atlético Madrid តម្លៃប្រមាណ ៣៤លានផោន ដោយមកទល់ពេលនេះ រូបគេបានបង្ហាញខ្លួនចំនួន២ប្រកួតហើយ នៅក្នុងការប្រកួតក្របខណ្ឌ La Liga អោយ Atlético Madrid។
វត្តមានរបស់ Conor Gallagher បានធ្វើអោយ លោក Diego Simeone គ្រូបង្វឹក Atletico Madrid មានការពេញចិត្តយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់គេ។
ជាក់ស្តែង កីឡាករវ័យ ២៤ឆ្នាំ បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងនៅក្នុងក្របខណ្ឌ LaLiga ក្នុងជ័យជំនះដោយលទ្ធផល ៣-០ ទៅលើក្រុម Valencia កាលពីចុងសប្តាហ៍កន្លងទៅ ហើយជួយអោយក្រុម Atletico Madrid ឡើងមកឈរលេខ២ ក្នុងតារាងពិន្ទុក្របខណ្ឌ La Liga។
ទាក់ទិននឹងរឿងនេះ លោក Diego Simeone បាននិយាយថា “Gallagher បានមកជាមួយទីនេះជាមួយភាពរីករាយយ៉ាងខ្លាំង។ យើងត្រូវការកីឡាករប្រភេទនេះ នៅក្នុងតំបន់បម្រើ ជាពិសេសគេធ្វើអោយក្រុមយើងកាន់ប្រសើរជាងមុន។ គេតែងតែប្រឹងអស់ពីសមត្ថភាពក្នុងគ្រប់គ្រងស្ថានភាពក្នុងការប្រកួត។”
គិតត្រឹមសប្ដាហ៍ទី៥ ក្នុងការប្រកួតក្របខណ្ឌ La Liga រដូវកាលថ្មី ២០២៤-២៥ ក្រុម Atletico Madrid មិនទាន់ស្គាល់បរាជ័យនោះទេ ឈ្នះ៣ ស្មើ២។
ពួកគេ កំពុងឈរលេខ២ មាន១១ពិន្ទុ ស្មើពិន្ទុក្រុមគូប្រជែងរួមទីក្រុង Real Madrid ដែលនៅលេខ៣ និងតិចជាង ៤ពិន្ទុពីក្រុមកំពូលតារាង Barcelona ។
ដោយឡែក ការប្រកួតជាបន្ត Atlético Madrid និង ជួបស្វាគមន៍ក្រុមអាល្លឺម៉ង់ RB Leipzig នៅក្នុងពានរង្វាន់ UEFA Champions League នៅថ្ងៃទី១៩ ខែកញ្ញា មុនបន្តទៅកាន់ការប្រកួតក្របខណ្ឌ La Liga ដោយជួបក្រុម Rayo Vallecano នៅ៣ថ្ងៃបន្ទាប់ពីនោះ៕