×

ប្រធានក្លិប Marseille ថាមិនសោកស្តាយការទិញយកខ្សែប្រយុទ្ធ Mason Greenwood

ប្រធានក្លិប Marseille លោក Pablo Longoria បានលើកឡើងថា រូបលោកបានមើលព័ត៌មានចុះផ្សាយទាំងអស់ ជុំវិញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Mason Greenwood ពី Man UTD នោះទេ។

កីឡាករអង់គ្លេស កាលពីដើមរដូវកាលនេះ បានចាកចេញពី Man UTD ផ្លាស់មកកាន់ Marseille ក្នុងតម្លៃ២៦,៦លានផោន ដោយចុះកុងត្រាជាមួយក្លិបបារាំង ដល់ឆ្នាំ២០២៩។

ជាការពិត Mason Greenwood មិនអាចមានឱកាសលេងអោយក្រុមបិសាចក្រហម បន្ទាប់ពីមានរឿងអាស្រូវប្រើប្រាស់អំពើហិង្សា និងការរំលោភបំពានអតីតមិត្តស្រីរបស់ខ្លួន ។ បើទោះជាបទចោទប្រកាន់ត្រូវបានទម្លាក់ចោល កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្តី ក៏រូបគេនៅតែមិនទទួលបានការចាប់អារម្មណ៍ពីក្រុមទៀតដែរ។ កីឡាករវ័យ២២ឆ្នាំ បានទៅលេងអោយក្លិបអេស្ប៉ាញ Getafe ជាកីឡាករខ្ចីជើងនៅរដូវកាល ២០២៣-២៤ មុនត្រូវបានក្លិប Marseille ទិញយកកាលពីទីផ្សារដោះដូរកីឡាករកន្លងទៅ។ ការមកដល់របស់ Mason Greenwood ទៀតសោត ក្លិប Marseille បានទទួលរងការរិះគន់ និង ត្រូវបានបរិយាយថា ជាការទិញកីឡាករដែលមិនអាចទទួលយកបាន។

យ៉ាងណាមិញ នៅពេលត្រូវបានសួរនាំអំពីការរិះគន់ការទិញយក Mason Greenwood នេះ ប្រធានក្លិប Marseille លោក Pablo Longoria បានឆ្លើយតបថា មិនមានការសោកស្តាយទេ។

លោក Longoria បានលើកឡើងយ៉ាងដូច្នេះ “ខ្ញុំមិនមានការសោកស្តាយចំពោះកិច្ចព្រមព្រៀងនេះទេ។ បញ្ហារបស់ Mason Greenwood គឺជាសម្រេចចិត្តរបស់ចៅក្រម ប៉ុន្តែសម្រាប់សមត្ថភាពរបស់គេជាមួយក្លិប គឺជាអ្វីដែលយើងមើលឃើញថា មានប្រយោជន៍ដល់ក្លិបបាន។”

Greenwood ស៊ុតបាន ៥ គ្រាប់ក្នុង ៤ ប្រកួតដំបូងចាប់តាំងពីចូលរួមជាមួយក្លិបនៅក្របខណ្ឌ Ligue 1 និងបានឈ្នះពានកីឡាករលេងល្អរបស់ក្លិប Olympic Marseille August Player Of The Month Award 2024 កាលពីពេលថ្មីៗនេះផងដែរ។

វត្តមានរបស់ Mason Greenwood បានជួយក្លិប Marseille រីករាយជាមួយលទ្ធផលមិនទាន់បរាជ័យ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Roberto De Zerbi៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង