គ្រូបង្វឹក Bayern Munich លោក Vincent Kompany បានធ្វើការកោតសរសើរ និង អបអរដល់ខ្សែប្រយុទ្ធ Harry Kane ដែលបានបំបែកកំណត់ត្រាថ្មី ក្នុងការប្រកួតឈ្នះក្រុម Dinamo Zagreb នៅក្នុងពានរង្វាន់ UEFA Champions League កាលពីយប់មិញ។
ជាការពិត កីឡាករអង់គ្លេស Harry Kane បានស៊ុត៤គ្រាប់ម្នាក់ឯងក្នុងការប្រកួតបើកឆាក UEFA Champions League ដើម្បីជួយ Bayern Munich យកឈ្នះទៅលើក្រុម Dinamo Zagreb ដោយលទ្ធផលដល់ទៅ ៩-២ ឯណោះ ។ ជាមួយនឹងការស៊ុត៤គ្រាប់ម្នាក់ឯងនេះ បានជួយអោយ Harry Kane ក្លាយជាកីឡាករអង់គ្លេសដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងពានរង្វាន់មួយនេះចំនួន ៣៣គ្រាប់ បំបែកកំណត់ត្រារបស់ Wayne Roney ដែលមានកំណត់ត្រា៣០គ្រាប់។
៤គ្រាប់របស់ Harry Kane រកបាននៅនាទីទី១៩, ៥៧, ៧៣ និង ៧៨ ក្នុងចំណោម៤គ្រាប់នោះមានការទាត់បាល់ពិន័យ១១ម៉ែត្រ ចំនួន ៣គ្រាប់។ រដូវកាលនេះ Kane ស៊ុត៩គ្រាប់ហើយក្នុងការប្រកួត៥លើកអោយក្រុម Bayern Munich បន្ទាប់ពីធ្វើបាន ៣ គ្រាប់ម្នាក់ឯងកាលពីចុងសប្តាហ៍កន្លងទៅដោយជួយ Bayern Munich យកឈ្នះ Holstein Kiel ៦-១ ក្នុងការប្រកួតក្របខណ្ឌ Bundesliga។
ការធ្វើបានល្អជាបន្តបន្ទាប់នេះ បានធ្វើអោយគ្រូបង្វឹក Bayern Munich លោក Vincent Kompany មានការពេញចិត្ត និង កោតសរសើរចំពោះការខិតខំរបស់កីឡាករ ជាពិសេសការបង្កើតកំណត់ត្រាថ្មីរបស់ Harry Kane។
គ្រូបង្វឹកវ័យ ៣៨ឆ្នាំ បានអោយដឹងដូច្នេះថា “ Harry Kane ជាកីឡាករមានការលើកទឹកចិត្ត ខ្ពស់ ហើយវាងាយស្រួលសម្រាប់ខ្ញុំក្នុងនាមជាគ្រូបង្វឹក ព្រោះនៅពេលដែលអ្នកមានកីឡាករកំពូលម្នាក់ដែលចេះលើកទឹកចិត្តខ្លួនឯង វាពិសេសណាស់។ ពេលនេះ គេបានសម្រេចជោគជ៍យបន្ថែម នេះជាអ្វីដែលកាន់តែជម្រុញរូបគេអោយខិតខំជាបន្ត។”
សម្រាប់គ្រាប់បាល់កើតឡើងដល់ទៅ ៩-២ នេះគឺជាការស៊ុតគ្នាច្រើនបំផុតប្រវត្តិប្រកួត UEFA Champions League ខណៈដែលកាលពីពេលកន្លងទៅក៏ធ្លាប់មានការស៊ុតច្រើនគ្រាប់បែបនេះ ៨-៣ កាលពីឆ្នាំ ២០០៣ រវាង Monaco ទល់នឹង Deportivo La Coruna និងការស៊ុតគ្នាច្រើនបំផុតកាល ២០១៦ រវាង Dortmund ទល់នឹង Legia Warsaw ៨-៤ ក្នុងឆ្នាំ២០១៦៕