×

ខ្សែបម្រើ Oscar នឹងចាកចេញពីក្លិបនៅប្រទេសចិន ក្រោយចាយពេល ៧ឆ្នាំ

ខ្សែបម្រើ Oscar បានប្រកាសនឹងចាកចេញពីក្លិបបាល់ទាត់នៅប្រទេសចិន បន្ទាប់ពីចំណាយរយៈពេល៧ឆ្នាំ នៅលីគកំពូលចិនជាមួយក្លិប Shanghai Port FC ។

អតីតសមាជិកក្រុមជម្រើសជាតិប្រេស៊ីលវ័យ៣៣ឆ្នាំ ត្រូវបានស្គាល់យ៉ាងច្បាស់ សម្រាប់អាជីពដ៏អស្ចារ្យនៅក្នុងក្របខណ្ឌ Premier League ជាមួយនឹង Chelsea អំឡុងឆ្នាំ ២០១២ ដល់ ២០១៧ ដោយបានឈ្នះជើងឯកលីគ២ដង និងពានរង្វាន់ Europa League ១ដង មុនផ្លាស់ទៅចូលរួមជាមួយក្លិបចិន Shanghai Port ។

ក្លាយជាកីឡាករអាជីពនៅឆ្នាំ ២០០៨ ជាមួយនឹងក្លិប Sao Paulo នៅប្រទេសកំណើត Oscar បង្ហាញខ្លួនសរុប ២៣៥ប្រកួត ស៊ុតបញ្ចូលទីបាន ៧២គ្រាប់សម្រាប់ក្រុម Sao Paulo និង Internacional នៅប្រេស៊ីល Chelsea នៅអង់គ្លេស និង Shanghai Port នៅចិន។

Oscar សម្រេចការផ្ទេរពី Chelsea ទៅចូលរួមជាមួយ Shanghai Port នៅក្នុងតម្លៃកំណត់ត្រារបស់ចិន ៦០លានអឺរ៉ូ ហើយត្រូវបានរាយការណ៍ថាចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំ ។ សរុបមកទល់ពេលនេះ Oscar រកចំណូលបាន ១៧៥លានអឺរ៉ូពីក្លិប Shanghai Port ។

ពេលនេះពេលវេលាដ៏រីករាយរបស់អតីតកីឡាករឆ្នើមក្រុមប្រេស៊ីលអំឡុងឆ្នាំ ២០១១ រហូតដល់ ២០១៥ រូបនេះ បានឈានដល់ទីបញ្ចប់ហើយ ដោយបញ្ជាក់អំពីការស្វែងរកការប្រជែងថ្មីៗសម្រាប់អាជីពរបស់ខ្លួន តែរូបគេនៅតែបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ នៅលើទឹកដីចិន។

Oscar មិនមែនជាកីឡាករលំដាប់ពិភពលោកម្នាក់ទេ ដែលបានផ្លាស់ទៅប្រកបអាជីពនៅលីគកំពូលចិន។ ជាក់ស្តែង កីឡាករដូចជា Hulk, Tevez, Witsel, Pato, Ighalo ក៏បានទៅប្រកបអាជីពនៅទីនោះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង