×

គ្រូ Paris Saint Germain ថា នឹងបង្កើតក្រុមដ៏ខ្លាំងថ្មីដោយមិនមានវត្តមាន Kylian Mbappe

គ្រូបង្វឹក Paris Saint Germain លោក Luis Enrique បាននិយាយថា លោកនឹងព្យាយាមបង្កើត ក្រុមបាល់ទាត់ថ្មី ដែលមានកីឡាករក្មេងៗ តែមានភាពខ្លាំងក្លា ដោយមិនចាំបាច់មានវត្តមានរបស់ខ្សែប្រយុទ្ធ Kylian Mbappe នោះទេ។

ការលើកឡើងរបស់បុរសជនជាតិអេស្ប៉ាញ គឺនៅពេលដែលក្រុម Paris Saint Germain កំពុងត្រៀមខ្លួនក្នុងការប្រកួត ពានរង្វាន់ UEFA Champions League ទល់នឹងក្រុមអេស្ប៉ាញ Girona ។

ជាការពិត ក្រោយចូលរួមជាមួយក្លិប Paris Saint Germain ដោយផ្ទេរចេញ Monaco កាលពីឆ្នាំ២០១៧ នោះ Kylian Mbappe បានជួយ Paris Saint Germain ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីឆ្នាំ២០២០ តែបានចាញ់ក្រុម Bayern Munich របូតឱកាសឈ្នះជើងឯក។

សម្រាប់ការប្រកួត UEFA Champions League រដូវកាលថ្មីនេះវិញ គឺជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ ដែលក្រុម Paris Saint Germain លែងមានវត្តមានរបស់ Kylian Mbappe ប៉ុន្តែគ្រូបង្វឹក លោក Luis Enrique អះអាងថា លោកនឹងអាចកសាងក្រុមមួយដ៏ខ្លាំងដោយមិនមាន Kylian Mbappe ហើយថា កីឡាករវ័យក្មេងរបស់ Paris St Germain ប្រហែលជាមិនសូវមានបទពិសោធន៍ជាងក្រុមមុនៗរបស់ពួកគេទេ ប៉ុន្តែពួកគេពោរពេញដោយថាមពល និងឈានទៅរកភាពជោគជ័យ។

លោក Luis Enrique បានលើកឡើងមុនការប្រកួតចូលមកដល់យ៉ាងដូច្នេះ “ ប្រហែលជាយើងបង្កើតក្រុមកីឡាករខ្លាំងៗរបស់យើងដោយខ្លួនឯង ហើយគម្រោងទាំងអស់គឺល្អ។ កីឡាករនៅក្មេងខ្ចីរបស់ក្រុមយើង ប្រហែលជាមិនមានបទពិសោធន៍ច្រើន ប៉ុន្តែពួកគេមានមហិច្ឆតា មានភាពក្លៀវក្លា និង មានថាមពល។”

បុរសវ័យ ៥៤ឆ្នាំ បន្តថា “ អ្វីដែលយើងត្រូវ គឺណែនាំពួកគេពីរបៀបលេងដែលពួកគេត្រូវលេង និង របៀបដែលយើងចង់បាន។ ប៉ុន្តែនេះគឺជាគម្រោងដែលអាចបត់បែនហើយខ្ញុំចង់បង្កើតរចនាសម្ព័ន្ធដ៏ល្អមួយ។ ការពិតគឺថាខ្ញុំទទួលការលើកទឹកចិត្ត ចំពោះរឿងនេះ។”

Paris Saint Germain បានចាប់ផ្តើមរដូវកាលថ្មីយ៉ាងល្អដោយឈ្នះគ្រប់៤ប្រកួតនៅក្របខណ្ឌ Ligue 1 ហើយចំណុចនេះ ត្រូវបានលោក Luis Enrique យល់ថា ជាការជម្រុញទឹកចិត្តកីឡាករទាំងអស់ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ទល់នឹងក្រុមភ្ញៀវអេស្ប៉ាញ Girona នៅយប់នេះ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង