ក្លិប AS Roma បានបញ្ចប់តំណែងគ្រូបង្វឹក លោក Daniele De Rossi ក្រោយដឹកនាំក្រុមទទួលលទ្ធផលមិនគាប់ប្រសើរ។ នេះបើតាមការប្រកាសរបស់ក្លិបនៅលីគកំពូលអ៊ីតាលី។
ជាការពិត ឆ្លងការប្រកួតចំនួន៤លើកដំបូង នៅដើមរដូវកាលថ្មី ២០២៤-២៥ AS Roma ក្រោមការដឹកនាំរបស់លោក Daniele De Rossi មិនស្គាល់ពាក្យឈ្នះនោះទេ ដោយស្មើ៣ ដង និង ចាញ់១ដង ។
បុរសសញ្ជាតិអ៊ីតាលីបានចូលដឹកនាំក្រុមកាលពីខែមករា ឆ្នាំ២០២៤ ដើម្បីជំនួសលោក Jose Mourinho ដែលត្រូវបានបញ្ចប់តំណែង។ AS Roma បានបញ្ចប់តំណែងលោក Jose Mourinho ដោយសារគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ដឹកនាំមិនឈ្នះប៉ុន្មានប្រកួតដូចគ្នានេះផងដែរ។ មុនបញ្ចប់តំណែង លោក Mourinho ធ្លាប់ជួយ Roma ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបលើកដំបូង Europa Conference League ឆ្នាំ ២០២២-២៣។
ការបណ្តេញលោក Rossi ក៏ជាការបញ្ចប់ទំនាក់ទំនងរវាងក្លិបនិងគ្រូបង្វឹក ទោះបីជាភាគីសងខាងនៅសល់កិច្ចសន្យា ៣ឆ្នាំ ពោលរហូតដល់ឆ្នាំ ២០២៧ ក៏ដោយ។ មុនពេលក្លាយជាគ្រូបង្វឹកនេះ លោក De Rossi ធ្លាប់បានចំណាយពេលជិត ២ទសវត្ស ក្នុងនាមជាកីឡាករក្រុម AS Roma ។
បើតាមសេចក្តីប្រកាសរបស់ក្លិប Roma ការសម្រេចចិត្តបណ្តេញ លោក Daniele De Rossi វ័យ៤១ឆ្នាំ ចេញពីតំណែង ដើម្បីស្វែងរកគ្រូបង្វឹកថ្មី ទៅដឹកនាំអោយមានឱកាសប្រកួតប្រជែងឡើងវិញ ក្រោយក្រុមជួបភាពរអាក់រអួលទម្រង់លេងនៅដើមរដូវកាល។
ការប្រកួតកាលពីសប្តាហ៍មុន Roma បានប្រកួតស្មើក្រុម Genoa ក្នុងលទ្ធផលស្មើ ១-១ ដែលជាការប្រកួតទី៤ ខណៈការប្រកួត ៣លើកមុន ស្មើទល់ Cagliari លទ្ធផល ០-០, ចាញ់ Napoli លទ្ធផល ២-១ និង ស្មើ Juventus លទ្ធផល ០-០។
AS Roma បច្ចុប្បន្នកំពុងឈរលេខ១៦ ក្នុងតារាងពិន្ទុក្របខណ្ឌ Serie A ដោយមាន ៣ពិន្ទុ។ ពួកគេនឹងបន្តការប្រកួតលីគកំពូលអ៊ីតាលី ដោយត្រូវប៉ះក្រុម Udinese នៅចុងសប្តាហ៍នេះ៕