កីឡាករវាយកូនបាល់លេខមួយពិភពលោក Jannik Sinner ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃកម្មវិធី Team 26 ដែលជាកម្មវិធីស្ម័គ្រចិត្តសម្រាប់កីឡាអូឡាំពិករដូវរងារឆ្នាំ ២០២៦។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន ម្ចាស់ជើងឯក US Open អះអាងថា រូបគេមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត និងថាទាំងការប្រកួតកីឡាវាយកូនបាល់និងការប្រកួតកីឡាអូឡាំពិក គឺពឹងផ្អែកលើក្រុមអ្នកស្ម័គ្រចិត្តដែលខិតខំប្រឹងប្រែងសម្រួលក្នុងការប្រកួត។
ទាក់ទិននិងរឿងនេះ កីឡាករវ័យ២៣ឆ្នាំ បាននិយាយថា “វាពិតជាមិននឹកស្មានដល់ក្នុងការមានព្រឹត្តិការណ៍ដោយគ្មានអ្នកស្ម័គ្រចិត្ដ។ យើងព្យាយាមបង្កើតកម្មវិធីដ៏អស្ចារ្យមួយរួមគ្នា និងបង្កើតបទពិសោធន៍សម្រាប់អត្តពលិកល្អបំផុតនៅក្នុងពិភពលោក។”
អ្នករៀបចំ អូឡាំពិករដូវរងា ២០២៦ សង្ឃឹមថានឹងចុះឈ្មោះអ្នកស្ម័គ្រចិត្តប្រហែល ១៨០០០០ នាក់សម្រាប់ព្រឹត្តិការណ៍មួយនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២៦ នឹងធ្វើឡើងចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយធ្វើឡើងរវាងទីក្រុង Milan និងតំបន់ភ្នំទឹកកក Cortina d’Ampezzo នៃប្រទេសអ៊ីតាលី។ ការប្រកួតមានចំនួន១១៦វិញ្ញាសា ប្រកួតលើកីឡាចំនួន ១៦ ប្រភេទ៕