ប៉ូលីសអង់គ្លេសបានបើកការស៊ើបអង្កេតករណីរើសអើងជាតិសាសន៍លើកីឡាករក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស២រូបនោះគឺ ខ្សែបម្រើ Bukayo Saka និងខ្សែបម្រើ Jude Bellingham។
កីឡាករទាំង២រូប ត្រូវបានរងការរើសអើងជាតិសាសន៍ពណ៌សម្បុរ នៅលើបណ្តាញសង្គម អំឡុងការប្រកួតពានរង្វាន់ UEFA Euro 2024។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Euro 2024 ក្រុមជម្រើសជាតិអង់គ្លេសបានបរាជ័យក្រោមស្នាដៃក្រុមជើងឯកអេស្ប៉ាញ។ បើទោះបីជាបានលេងបានយ៉ាងល្អតាំងតែពីចាប់ផ្តើមការប្រកួតមកក្តី តែកីឡាករទាំង២រូប បែរក្លាយជាអ្នកទទួលរងគ្រោះ ដោយសារបញ្ហារើសអើងនេះជាងគេ។
ឥឡូវនេះ សមាគមន៍បាល់ទាត់អង់គ្លេស FA បានសហការនិងផ្តល់មូលនិធិប្រមាណ ៣ម៉ឺនផោន ទៅកាន់កងកម្លាំងប៉ូលីសអង់គ្លេស ដើម្បីធ្វើការស៊ើបអង្កេតករណី រើសអើងជាតិសាសន៍ ពណ៌សម្បុរទៅលើកីឡាករនេះ។
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានផ្តល់ការរាយការណ៍ថា Jude Bellingham បានរងការរើសអើង ៤០ករណី ខណៈ Bukayo Saka រងការរើសអើងច្រើនជាងគេគឺ ៥១ ករណី។
UEFA បានចាត់ទុកការរើសអើងនេះថាជា ការបង្កគ្រោះថ្នាក់បំផុត និងអំពាវនាវអោយមានការវែកមុខស្វែងរកជនទាំងនោះ ដើម្បីមកកាត់ទោសតាមផ្លូវច្បាប់។
ដោយឡែក នេះមិនមែនជាលើកទី១ទេ ដែល Bukayo Saka បានរងការរើសអើងជាតិសាសន៍តាមប្រព័ន្ធអ៊ីនធើណេត ដោយសារការមិនអាចជួយក្រុមជម្រើសជាតិអង់គ្លេសដណ្តើមបានជើងឯក UEFA Euro 2024 ដោយកាលពី UEFA Euro 2020 កីឡាករវ័យ២៣ឆ្នាំរូបនេះ ក៏បានក្លាយជាជនរងគ្រោះនៃការរើសអើងពណ៌សម្បុរ ផងដែរ បន្ទាប់ពីមិនអាចទាត់បញ្ចូលទី ការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ក្នុងការប្រកួតដែលអង់គ្លេសចាញ់អ៊ីតាលី នៅវគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Wembley៕