គ្រូបង្វឹក Barcelona លោក Hansi Flick បាននិយាយថា ការបាត់បង់ខ្សែការពារ Eric García ហើយសល់គ្នាតែ១០នាក់លើទីលាន ទើបធ្វើអោយក្រុមរបស់លោកបានចាញ់ការប្រកួតទល់នឹងក្រុម Monaco នៅក្នុងជំនួបពានរង្វាន់ UEFA Champions League។
ជាការពិត ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Stade Louis II កាលពីយប់មិញ ក្រុម Barcelona បានប្រកួតដោយមានគ្នាតែ១០នាក់ក្រោយពី Eric García ត្រូវពិន័យកាតក្រហមតាំងពីនាទី១០ ក្រោយបង្កកំហុសលើកីឡាករម្ចាស់ផ្ទះ Takumi Minamino។ ដូច្នេះហើយ Barcelona បានរងការគាបសង្កត់ពីគូប្រជែង ដោយការប្រកួតនេះ ពួកគេអាចគ្រប់គ្រងបាល់បានតែ ៤៤ភាគរយ និងមានឱកាសស៊ុតតែ ៤ដង ខណៈក្រុម Monaco មានឱកាសស៊ុតដល់ទៅ ១៨ដង។ លេងបាន១៦នាទី Maghnes Akliouche បានស៊ុតគ្រាប់បើកឆាកនាំមុខអោយ ក្រុម Monaco ប៉ុន្តែនាទី ២៨Lamine Yamal បានតាមស្មើអោយក្រុម Barcelona វិញ មុនចប់វគ្គទី១។
ចូលដល់វគ្គទី២ Barcelona បន្តរងការវាយលុកពី Monaco និងរបូតគ្រាប់បាល់ ១គ្រាប់ទៀត ដែលជាការធ្វើបានពី George Ilenikhena នៅនាទី៧១។ នាទីដែលនៅសល់មិនមានការស៊ុតគ្រាប់បាល់បញ្ចូលទីទៀតទេ លទ្ធផលចប់ការប្រកួតគឺ Barcelona ១ Monaco ២។
នេះជាការប្រកួតបើកឆាក UEFA Champions League រដូវកាលថ្មី ទម្រង់ថ្មីហើយ Barcelona ក៏បានជួបលទ្ធផលមិនគាប់ចិត្តផងដែរ ប៉ុន្តែក្នុងនោះគ្រូបង្វឹក លោក Hansi Flick យល់ថា ការលេងរបស់កូនក្រុមល្អ ប៉ុន្តែការបាត់បង់សមាជិក១រូប បានធ្វើអោយការប្រកួតរបស់ពួកគេត្រូវផ្លាស់ប្តូរទាំងស្រុង។
លោក Hansi Flick បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះ “ យើងលេងបានល្អ ប៉ុន្តែការបាត់បង់ Eric García ធ្វើអោយយើងជួបការលំបាក។ យើងលេងការពារយ៉ាងខ្លាំង ប៉ុន្តែគូប្រកួតវាយសម្រុកខ្លាំងដូចគ្នា វាមិនងាយស្រួលទេ។ កាតក្រហមនោះបានផ្លាស់ប្តូរការប្រកួតទាំងស្រុង។”
គ្រូបង្វឹក វ័យ ៥៩ឆ្នាំ បានបន្តថា “ខ្ញុំដឹងថាកីឡាករមានការខកចិត្ត ប៉ុន្តែយើងត្រូវតែរឹងមាំ និង ប្រមូលអារម្មណ៍ឡើងវិញ ព្រោះយើងមានការប្រកួតជាបន្ត នៅចំពោះមុខ។ យើងត្រូវមានគំនិតវិជ្ជមាន ហើយអ្វីដែលសំខាន់យើងចង់ឈ្នះការប្រកួតមកវិញ។”
ក្រោយចប់ការប្រកួត UEFA Champions League ក្រុម Barcelona នឹងបន្តការប្រកួតក្របខណ្ឌ La Liga របស់ពួកគេដោយត្រូវប៉ះក្រុម Villarreal នៅចុងសប្តាហ៍នេះ។ Barcelona ធ្វើបានល្អនៅក្របខណ្ឌ La Liga រដូវកាលថ្មីនេះ ដោយឆ្លងកាត់ ៥ ប្រកួត ឈ្នះទាំងអស់ដែលធ្វើអោយពួកគេឈរកំពូលតារាងមាន១៥ពិន្ទុនាំមុខក្រុមលេខ២ Atlético Madrid ក្រុមលេខ៣ Real Madrid និង ក្រុម លេខ៤ Villarreal ចំនួន៤ពិន្ទុ៕