បន្ទាប់ពីយកឈ្នះ ក្រុម Werder Bremen ដោយលទ្ធផល ៥-០ ក្នុងការប្រកួតក្របខណ្ឌ Bundesliga ដើម្បីបន្តរដូវកាលដ៏ល្អឥតខ្ចោះរបស់ពួកគេរួចមក ក្រុម Bayern Munich ក៏បានធ្វើការអបអរជ័យជំនះរបស់ខ្លួនដោយការធ្វើដំណើរទៅចូលរួម ពិធីជប់លៀងស្រាបៀរកម្មវិធី Oktoberfest។
Bayern Munich ទទួលជ័យជំនះយ៉ាងងាយស្រួលទៅលើក្រុម Werder Bremen កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីរក្សាចំណាត់ថ្នាក់កំពូលតារាង ជាមួយពិន្ទុ ១២ ពិន្ទុនៅក្នុងដៃ ពីជ័យជំនះ៤ប្រកួតជាប់ៗគ្នា នៅដើមរដូវកាលថ្មី ២០២៤-២៥។
ការប្រកួតសប្តាហ៍បន្ទាប់ Bayern Munich នឹងត្រូវជួបគូប្រជែងដែលជាក្រុមការពារជើងឯក គឺក្រុម Bayer Leverkusen ។ ទោះយ៉ាងណា មុនឈានដល់ការប្រកួតសំខាន់បែបនេះ កីឡាករក្រុម Bayern Munich ដែលដឹកនាំដោយគ្រូបង្វឹកលោក Vincent Kompany បានធ្វើការកម្សាន្ត រំសាយភាពតានតឹង ដោយការទៅចូលរួមពិធីជប់លៀងស្រាបៀរកម្មវិធី Oktoberfest នេះ។
ដោយឡែក នៅពេលត្រូវបានសួរនាំថា តើក្រុម Bayern Munich នឹងទៅទស្សនាពិធីបុណ្យស្រាបៀរដ៏ល្បីល្បាញរបស់ទីក្រុង Munich ដូចដែលពួកគេតែងតែធ្វើដែរឬទេ គ្រូបង្វឹកលោក Vincent Kompany បានប្រាប់អ្នកយកព័ត៌មានថា “ពួកយើងត្រូវតែគោរពរាល់ការប្រកួត ហើយវាពិតជាសំខាន់ណាស់ ដែលយើងឈ្នះការប្រកួតនេះ។”
បុរសជនជាតិបែលហ្ស៊ីកបន្តថា “ពិតណាស់កីឡាករត្រូវបានអនុញ្ញាតអោយមានភាពសប្បាយរីករាយនិងពេញចិត្ត ។ យើងត្រូវគោរពប្រពៃណីផងដែរ។ យើងនឹងទៅ Oktoberfest ហើយយើងក៏ត្រូវមានភាពសប្បាយរីករាយបន្តិចដែរ ហើយបន្ទាប់មកយើងនឹងនិយាយអំពី ក្រុម Leverkusen ដែលជាគូប្រកួតបន្តរបស់យើង។”
ពិធីបុណ្យស្រាបៀរដ៏ធំបំផុត និងពេញនិយមបំផុតរបស់ពិភពលោក Oktoberfest បានបើកតង់របស់ខ្លួនចាប់ពីថ្ងៃសៅរ៍ ថ្ងៃទី ២១ ខែកញ្ញា ដែលវាជាដំណើរការលើកទី ១៨៩ ដោយមានមនុស្សរាប់លាននាក់មកពីជុំវិញពិភពលោករំពឹងថានឹងចូលរួមពិធីជប់លៀងរយៈពេលពីរសប្តាហ៍នេះ៕