សារព័ត៌មាន Reuters បានអោយដឹងថា សហព័ន្ធបាល់ទាត់ប៉ូឡូញ PZPN ប្រកាសផ្តល់ជំនួយ ជួយដល់ក្លិបបាល់ទាត់មួយចំនួនក្នុងប្រទេសប៉ូឡូញ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់។
ក្លិប Slask Wroclaw ស្ថិតក្នុងលីគកំពូលប៉ូឡូញ បានសម្រេចផ្អាកការប្រកួតរបស់ខ្លួនទល់នឹង StaMl eilec នៅថ្ងៃទី២៣ ខែកញ្ញា ហើយយកកីឡដ្ឋានរបស់ខ្លួន ទៅជាទីតាំងទទួលជំនួយឧបត្ថម្ភ សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះ។
ក្លិបដដែលនោះ ក៏បានបើកកម្មវិធីរៃអង្គាសប្រាក់ សម្រាប់ការជួយសង្គ្រោះដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់ ខណៈកីឡាករ និងគ្រូបង្វឹកបានធ្វើដំណើរទៅចែកចាយអំណោយដល់ជនរងគ្រោះក្នុងតំបន់ដែលជួបបញ្ហា។
ទាក់ទិននឹងបញ្ហានេះ លោក Cezary Kulesza ប្រធានសហព័ន្ធបាល់ទាត់ប៉ូឡូញបានអោយដឹងថា ស្ថាប័ន PZPN និងប្រធានសហព័ន្ធកីឡាបាល់ទាត់តាមតំបន់នីមួយៗ បានរួមគ្នាបរិច្ចាកប្រាក់ប្រមាណ ៤៥០,០០០ដុល្លារ ដើម្បីជួយដល់ក្លិបដែលរងផលប៉ះពាល់ដោយទឹកជំនន់។
ដោយឡែកសហភាពអឺរ៉ុប ក៏បានសន្យាថានឹងផ្តល់ជំនួយប្រាក់ ដើម្បីជួយទៅដល់តំបន់ដែលបានរងគ្រោះទឹកជំនន់ ខណៈដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk អះអាងថាប្រទេសប៉ូឡូញត្រូវការជំនួយជាទំហំទឹកប្រាក់ប្រមាណ៥,៦ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិគ្រោះធម្មជាតិនេះ។
សូមបញ្ជាក់ថា នៅក្នុងតំបន់អឺរ៉ុបកណ្តាល បានរងគ្រោះដោយសារទឹកជំនន់ដ៏អាក្រក់បំផុតលើកដំបូង នារយៈពេល ២សតវត្សរ៍ចុងក្រោយ៕