×

អ្នកគាំទ្របាល់ទាត់រិះគន់ទម្រង់ថ្មី UEFA Champions League ថា មានភាពធុញទ្រាន់

អ្នកគាំទ្របាល់ទាត់ជាច្រើននៅជុំវិញពិភពលោក បានរិះគន់ទម្រង់ប្រកួតថ្មីរបស់ពានរង្វាន់ UEFA Champions League ដោយលើកហេតុផលថា បានបង្អាក់ក្រុមទាំងអស់ពីការលេងអោយអស់ពីសមត្ថភាព និងបានបំផ្លាញអារម្មណ៍រំភើបរបស់អ្នកទស្សនាពីការប្រកួតក្នុងវគ្គចែកពូល។

ចាប់ពីរដូវកាល ២០២៤-២៥ តទៅ ការប្រកួត UEFA Champions League នឹងត្រូវលេងក្នុងទម្រង់ថ្មី ហើយជាមួយនឹងទម្រង់ប្រកួតថ្មី ដែលត្រូវបានប្រកាសដោយស្ថាប័ន UEFA កាលពីពេលកន្លងមក។

ការប្រកួតបានបន្ថែមចំនួនក្រុមពី ៣២ ដល់ ៣៦ក្រុម ហើយនឹងលែងមានការប្រកួតវគ្គចែកពូលតទៅទៀតហើយ ដោយក្រុមទាំង ៣៦ នឹងប្រកួតប្រជែងតាមទម្រង់ជាលីគតែមួយ League Phase ដណ្តើមពិន្ទុ និងចំណាត់ថ្នាក់ ដើម្បីស្វែងរកក្រុមបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ និងបន្តរហូតដល់វគ្គផ្តាច់ព្រ័ត្រតែម្តង ហើយចាប់ពីវគ្គ១៦ក្រុមចុងក្រោយ នឹងធ្វើការប្រកួតជាធម្មតា។ សម្រាប់ក្រុមរក្សាតំណែងកំពូលពីចំណាត់ថ្នាក់លេខ១ ដល់លេខ៨ នឹងទទួលបានកៅអីវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។ ក្រុមនៅចំណាត់ថ្នាក់លេខ៩ ដល់ លេខ២៤ នឹងត្រូវលេង វគ្គ Play-Off ដែលមាន ២ ជើង ដើម្បីឡើងទៅបំពេញវគ្គ១៦ក្រុមចុងក្រោយ។ ចំណែកក្រុមនៅចំណាត់ថ្នាក់ពីលេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីការប្រកួត តែម្តងដោយគ្មានការធ្លាក់ទៅលេងនៅពានរង្វាន់ UEFA Europa League ដូចមុនឡើយ។

ទម្រង់ថ្មីនេះ ក៏ត្រូវប្រើប្រាស់សម្រាប់ការប្រកួតពានរង្វាន់ UEFA Europa League និង UEFA Conference League ផងដែរ ចាប់ពីរដូវកាលនេះតទៅ។

ទោះយ៉ាងណា ទម្រង់ថ្មីរបស់ពានរង្វាន់កំពូលអឺរ៉ុប បានធ្វើអោយអ្នកគាំទ្រមានភាពធុញទ្រាន់ និងចាត់ទុកទម្រង់ថ្មីបានបំផ្លាញភាពរីករាយក្នុងការទស្សនារបស់ពួកគេ ដោយសារក្រុមខ្លាំងៗទាំងនោះមិនប្រឹងអោយអស់ពីសមត្ថភាព នៅពេលពួកគេដឹងថាមានការប្រកួតច្រើនទៀតនៅវគ្គសន្សំពិន្ទុ។ ក្រៅពីអ្នកគាំទ្រ បុគ្គលល្បីៗក្នុងវិស័យបាល់ទាត់ ដូចជា គ្រូបង្វឹក Real Madrid លោក Carlo Ancelotti និងអ្នកចាំទីប្រេស៊ីល Allison Becker របស់ក្រុម Liverpool ធ្លាប់បានលើកឡើងប្រឆាំងនឹងទម្រង់ថ្មីនេះ។ ស្របពេលដែលកីឡាករមួយចំនួនផ្សេងទៀត ថែមទាំងបានណែនាំថាពួកគេអាចនឹងធ្វើកូដកម្មផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង