Barcelona បានឈានដល់កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកអ្នកចាំទី Wojciech Szczesny មកចូលរួមក្រុម ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន។
ជាការពិត Szczesny បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ទៅហើយជាមួយក្លិប Juventus កាលពីខែសីហាកន្លងទៅ ប៉ុន្តែរូបគេបែរជាសម្រេចចិត្តត្រលប់មកលេងលើទីលានវិញ ដោយយល់ព្រមលេងអោយក្លិប Barcelona នេះ។ កិច្ចព្រមព្រៀងរវាងភាគីទាំងសងខាងបានដំណើរការហើយ ហើយកីឡាករប៉ូឡូញ នឹងធ្វើតេស្តសុខភាពនៅក្នុងសប្តាហ៍នេះ។
ការនាំយក Wojciech Szczesny មកនេះគឺដើម្បីជំនួសកន្លែងរបស់អ្នកចាំទី Marc-Andre ter Stegen ដែលនឹងត្រូវអវត្តមានប្រមាណ៧ខែ ព្រោះតែរបួសជង្គង់ស្តាំ ក្នុងការប្រកួតដែល Barcelona ឈ្នះ Villareal ដោយលទ្ធផល ៥-១ ក្នុងជំនួបក្របខណ្ឌ La Liga សប្តាហ៍ទី៦។
Marc-Andre ter Stegen បានដួលលុតជង្គង់យ៉ាងខ្លាំង ក្រោយព្យាយាមលោតសង្គ្រោះបាល់ ពីការស៊ុតរបស់ក្រុមគូប្រជែងហើយរូបគេបានបង្ហាញពីការឈឺចាប់យ៉ាងខ្លាំង និងត្រូវបានប្ដូរចេញនៅវគ្គទី២។ នៅក្នុងការដួលនោះ ទម្ងន់ទាំងអស់របស់កីឡាករវ័យ៣២ឆ្នាំ បានធ្លាក់ទៅលើជើងស្តាំរបស់គេ ខណៈដែលរូបគេបានរងរបួសជង្គង់នេះ និងបានឆ្លងកាត់ការវះកាត់ព្យាបាលចំនួនពីររួចមកហើយក្នុងប៉ុន្មានឆ្នាំនេះ ខណៈការវះកាត់ចុងក្រោយអាចបញ្ជាក់ពីអវត្តមានរបស់គេរហូតដល់បញ្ចប់រដូវកាល។
ដូច្នេះហើយ Barcelona ត្រូវការអ្នកជំនួសដែលមានបទពិសោធន៍ជាបន្ទាន់ ហើយក៏បានសម្រេចនាំយក Wojciech Szczesny។ វាជារឿងគួរអោយភ្ញាក់ផ្អើលមួយ ដោយកីឡាករវ័យ៣៤ឆ្នាំ ដែលបានប្រកាសចូលនិវត្តន៍ បែរជាមកលេងអោយក្លិប ដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងពិភពលោកគឺក្លិប Barcelona នេះ។
អតីតអ្នកចាំទី Arsenal រូបនេះត្រូវបានគេរំពឹងថានឹងនាំមកនូវបទពិសោធន៍និងភាពជាអ្នកដឹកនាំដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ក្រុម Barcelona ។
ដោយឡែក Barcelona បច្ចុប្បន្ន កំពុងជួបប្រទះលទ្ធផលល្អប្រសើរក្នុងការប្រកួតនៅក្របខណ្ឌ La Liga រដូវកាល ២០២៤-២៥ ដោយ ឆ្លងកាត់៧ប្រកួត ពួកគេឈ្នះទាំងអស់ និងកំពុងតែឈរកំពូលតារាង មាន ២១ពិន្ទុ នាំមុខក្រុមលេខ២ Real Madrid ចំនួន៤ពិន្ទុ៕