×

ខ្សែប្រយុទ្ធ Kylian Mbappe មិនទាន់ច្បាស់ពីវត្តមានការប្រកួតចុងសប្តាហ៍នេះ ព្រោះរបួស

ខ្សែប្រយុទ្ធ Kylian Mbappe បានរងរបួសសាច់ដុំ ដែលធ្វើអោយមានការសង្ស័យពីវត្តមានរបស់រូបគេ ក្នុងការប្រកួត Madrid derby ដែល Real Madrid ត្រូវប៉ះ Atlético Madrid នៅចុងសប្តាហ៍នេះ។

ចាប់តាំងពីចាកចេញពីក្លិបបារាំង Paris St Germain Mbappe មកចូលរួម Real Madrid កាលពីពេលកន្លងទៅ Kylian Mbappe បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ពីការប្រកួតចំនួន ៩ដង នៅគ្រប់កម្មវិធីទាំងអស់។

កីឡាករ បារាំង វ័យ ២៥ ឆ្នាំ ត្រូវបានប្តូរចេញនៅនាទីទី ៨០ នៃការប្រកួតឈ្នះ ៣-២ ក្នុងទឹកដីក្រុម Deportivo Alaves ក្នុងក្របខណ្ឌ LaLiga ដោយមានការមើលឃើញពីភាពឈឺចាប់នៅភ្លៅរបស់គេខណៈពេលដែលរូបគេដើរចាកចេញពីទីលាន។

Real Madrid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការធ្វើតេស្តដែលបានធ្វើឡើង ដោយសេវាវេជ្ជសាស្ត្ររបស់ Real Madrid លើកីឡាកររបស់យើង Kylian Mbappe រូបគេត្រូវបានធ្វើរោគវិនិច្ឆ័យថា មានរបួសដល់ សាច់ដុំនៅជើងឆ្វេងរបស់គាត់។ ស្ថានភាពរបួសរបស់គេនឹងត្រូវបានត្រួតពិនិត្យជាបន្តទៀត។”

ដោយសារបញ្ហារបួសនេះ ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសអេស្ប៉ាញ បានរាយការណ៍ថា Mbappe ទំនងនឹងត្រូវដកចេញពីការប្រកួតនៅចុងសប្តាហ៍នេះជាមួយ Atletico Madrid។

បច្ចុប្បន្ន Real Madrid កំពុងឈរនៅលេខរៀងទី ២ ក្នុងតារាងក្របខណ្ឌ LaLiga ដោយមាន ១៧ ពិន្ទុ តាមពីក្រោយក្រុម Barcelona ដល់ទៅ៤ពិន្ទុ រីឯ Atlético Madrid កំពុងឈរលេខ៤ មាន១២ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង