×

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងបញ្ចប់កិច្ចសន្យាឧបត្ថម្ភ ព្រឹត្តិការណ៍អូឡាំពិកនិង ប៉ារ៉ាឡាំពិក

អគ្គនាយកក្រុមហ៊ុនផលិតរថយន្ត Toyota Motor លោក Akio Toyoda បាននិយាយថា ក្រុមហ៊ុន របស់លោកនិងបញ្ចប់កុងត្រាក្នុងនាមជាអ្នកឧបត្ថម្ភធំ នៃព្រឹត្តិការណ៍ប្រកួតកីឡា អូឡាំពិក និង ប៉ារ៉ាឡាំពិក ហើយ ក្រោយចប់ព្រឹត្តិការណ៍អូឡាំពិក និង ប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសជប៉ុនមួយនេះ បានចុះកិច្ចសន្យាជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC និង ប៉ារ៉ាឡាំពិកអន្តរជាតិ IPC ក្នុងការក្លាយជាម្ចាស់ឧបត្ថម្ភធំ នៃការប្រកួតកីឡាអូឡាំពិក និង ប៉ារ៉ាឡាំពិក តាំងពីឆ្នាំ ២០១៥ ដោយមានទំហំសាច់ប្រាក់ប្រមាណ ៨៣៥ លានដុល្លារ។ ការចុះកុងត្រាមានសុពលភាពត្រឹមព្រឹត្តិការណ៍អូឡាំពិកនិងប៉ារ៉ាឡាំពិកឆ្នាំ២០២៤ តែប៉ុណ្ណោះ។

ទោះយ៉ាងណា ក្រុមហ៊ុន Toyota Motor មានការមិនពេញចិត្តអំពីរបៀបដែល IOC ប្រើប្រាស់ថវិកាពីការឧបត្ថម្ភរបស់ក្រុមហ៊ុន ដោយក្រុមហ៊ុនជឿថា វាមិនបានប្រើប្រាស់អោយមានប្រសិទ្ធភាពសម្រាប់គាំទ្រដល់អត្តពលិក និង ការផ្សព្វផ្សាយអំពីកីឡានោះឡើយ ប៉ុន្តែហាក់ដូចជាប្រាក់ឧបត្ថម្ភទាំងនោះត្រូវបានប្រើប្រាស់ទៅលើផ្នែកនយោបាយទៅវិញ។

ដើមឡើយ ក្រុមហ៊ុន Toyota ចង់បន្តកិច្ចសន្យាឧបត្ថម្ភព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកបន្តទៀត ប៉ុន្តែ IOC អះអាងថា ភាពជាម្ចាស់ឧបត្ថម្ភធំ មិនបន្តសម្រាប់ការប្រកួតតែមួយផ្នែក នោះទេ ដែលមានន័យថា ក្រុមហ៊ុន Toyota ត្រូវតែជាម្ចាស់ឧបត្ថម្ភធំទាំងព្រឹត្តិការណ៍អូឡាំពិក និង ប៉ារ៉ាឡាំពិក។

ដូច្នេះហើយ ក្រុមហ៊ុន Toyota បានសម្រេចមិនបន្តកុងត្រាថ្មីជាម្ចាស់ឧបត្ថម្ភធំព្រឹត្តិការណ៍អូឡាំពិក និង ប៉ារ៉ាឡាំពិកទៀតនោះទេ ប៉ុន្តែពួកគេនឹងបន្តឧបត្ថម្ភ គាំទ្រអត្តពលិកជាបន្តទៀត។

ក្រុមហ៊ុន Toyota បានក្លាយជាក្រុមហ៊ុនចុងក្រោយដែលបានកាត់ផ្តាច់ភាពជាម្ចាស់ឧបត្ថម្ភធំ ជាមួយ IOC និង IPC បន្ទាប់ពីក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិកដ៏ធំរបស់ជប៉ុន Panasonic ដែលបានបញ្ចប់ភាពជាម្ចាស់ឧបត្ថម្ភធំជាមួយ IOC និង IPC ដែរ បន្ទាប់ពីមានទំនាក់ទំនងជាមួយសា្ថប័នកីឡានេះ តាំងពីឆ្នាំ ១៩៨៧ មក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង