អ្នកគាំទ្រក្រុម Mallorca មួយរូបដែលបានធ្វើការប្រមាថ រើសអើងជាតិសាសន៍យ៉ាងធ្ងន់ធ្ងរទៅលើ ខ្សែប្រយុទ្ធ Vinícius Júnior របស់ Real Madrid និង អតីតខ្សែបម្រើ Samuel Chukwueze របស់ Villarreal ក្នុងការប្រកួតកាលពីឆ្នាំមុននោះ ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ។
ជាការពិត អ្នកគាំទ្រ ដែលមិនត្រូវបានបញ្ចេញឈ្មោះនោះ ត្រូវបានក្រុម Mallorca បញ្ជាក់ថា រូបគេមានទោសកំហុស និងត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារចំនួន១២ខែ។ អ្នកគាំទ្ររូបនោះ ក៏តម្រូវអោយធ្វើការសុំទោសជាលាយលក្ខណ៍អក្សរ ទៅកាន់កីឡាករទាំង២រូប និងត្រូវចូលរួមការអប់រំវគ្គបណ្តុះបណ្តាលប្រឆាំងនឹងការរើសអើង ក្រោយបំពេញទោសកំហុសរួច។ រូបគេក៏ត្រូវបានក្រុម Mallorca ដាក់បម្រាមមិនអោយចូលរួមទស្សនាការប្រកួតលើទីលានរបស់ក្រុមចំនួន៣ឆ្នាំផងដែរ។
ការរើសអើងជាតិសាសន៍ ពណ៌សម្បុរ បានធ្វើឡើងជាការប្រឆាំងយ៉ាងខ្លាំងក្លាទៅលើ Vinícius Júnior របស់ Real Madrid និង Samuel Chukwueze អតីតសមាជិករបស់ Villarreal នៅពេលដែលក្រុមទាំង២នេះ ប្រកួតទល់នឹងក្រុម Mallorca ក្នុងជំនួបក្របខណ្ឌ La Liga រដូវកាលមុន នាកីឡដ្ឋាន Son Moix ដែលជាទឹកដីរបស់ក្រុម Mallorca ហើយហេតុការណ៍នេះកើតឡើងមុនក្រោយគ្នា ២សប្តាហ៍ប៉ុណ្ណោះ។
ក្នុងការប្រកួតរវាង Real Madrid និង Mallorca នោះ Vinícius Júnior ត្រូវបានរងការប្រមាថរើសអើងជាតិសាសន៍យ៉ាងខ្លាំង ដោយកីឡាករប្រេស៊ីល ត្រូវបានក្រុមអ្នកគាំទ្រគូប្រជែង ហៅថា ជាសត្វស្វា។ រូបគេជាកីឡាករ ដែលរងការប្រមាថរើសអើងជាតិសាសន៍ច្រើនដងជាងគេនៅក្នុងការប្រកួតនៅអេស្ប៉ាញ។
ដោយឡែក ក៏មានការរកឃើញមុខអ្នកគាំទ្រ Real Madrid ដែលបានបង្កទង្វើនៃការរើសអើងជាតិសាសន៍ទៅលើខ្សែបម្រើ Aurelien Tchouameni របស់ក្រុមផងដែរកាលពីខែមេសានេះ ហើយជនបង្ករូបនោះ បានសុំទោសជាសាធារណៈហើយ។ យ៉ាងណា រូបគេត្រូវបានក្លិបដាក់ពិន័យមិនអោយចូលរួមទស្សនាការប្រកួតលើទីលានរយៈពេល១ឆ្នាំ ត្រូវបង់ផាកពិន័យជាទឹកប្រាក់និងតម្រូវអោយចូលរួមវគ្គបណ្តុះបណ្តាលប្រឆាំងការរើសអើងជាតិសាសន៍ថែមទៀត៕