×

ខ្សែការពារ Dani Carvajal ថា ខ្លួននឹងវិលមករកភាពខ្លាំងវិញក្រោយព្យាបាលរបួសសរសៃពួររួច

ខ្សែការពារ Dani Carvajal របស់ Real Madrid បានរងរបួសដាច់សរសៃ ACL ហើយនឹងត្រូវសម្រាករហូតដល់ចប់រដូវកាលទើបអាចត្រឡប់មកជួយក្រុមវិញបាន ដោយរបួសនេះបានកើតឡើងក្រោយការប្រកួតឈ្នះ Villarreal ២-០ នៅក្នុងជំនួបក្របខណ្ឌ La Liga នាកីឡដ្ឋាន Santiago Bernabéu។

ក្នុងការប្រកួតជាមួយ Villarreal គេបានដឹងថា Carvajal មិនបានប្ដូរចេញទេ ប៉ុន្តែក្រោយការប្រកួតគេក៏បានរងរបួសផងដែរ ហើយក្រុមគ្រូពេទ្យក៏បានពិនិត្យនឹងបានមើលឃើញថា កីឡាករអេស្ប៉ាញ នឹងត្រូវសម្រាកដល់ចប់រដូវកាល ព្រោះតែរបួសគឺដាច់សរសៃពួរ ACL ជើងខាងស្តាំ។

របួសនេះទំនងកើតឡើងពេល Carvajal បានប៉ះទង្គិចជាមួយកីឡាករខ្សែបម្រើ Yeremy Pino របស់ Villarreal។

យ៉ាងណា កីឡាករវ័យ៣២ឆ្នាំ មិនបានរំពឹងដល់ការសម្រាកដល់ចប់រដូវកាលនោះទេ ព្រោះបញ្ហារបួសនេះវាអាស្រ័យលើការព្យាយាមប្រឹងប្រែងរបស់សាមីកីឡាករផងដែរ បើសិនជារូបគេមានការប្រឹងប្រែងដោយខ្លួនឯងមិនយូរទេនឹងអាចជាសះស្បើយឡើងវិញ។

ទាក់ទិននឹងរឿងនេះ Carvajal បានប្រាប់ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនថា “របួសរបស់ខ្ញុំគឺជារបួសដាច់សរសៃពួ ACL ហើយខ្ញុំនឹងត្រូវសម្រាកជាច្រើនខែ។ ខ្ញុំនឹងទន្ទឹងរង់ចាំការជាសះស្បើយមកវិញ ជាមួយភាពខ្លាំងក្លារបស់ខ្ញុំឡើងវិញដែរ។

ការនិយាយដូចនេះវាមានន័យថា Carvajal បានប្ដេជ្ញាចិត្តរួចជាស្រេចថា គេនឹងខ្លាំងក្លាដូចមុនពេលដែលគេមានរបួសយ៉ាងដូច្នេះដែរ បើទោះរបួសនេះធ្វើអោយគេសម្រាកច្រើនខែយ៉ាងណាក៏ដោយ។

ដោយឡែក សម្រាប់ក្លិប Real Madrid វិញបានបញ្ជាក់ពីស្ថានភាពរបួស និង ការព្យាបាលរបស់ Dani Carvajal ដោយថា រូបគេនឹងត្រូវសម្រាកពីការប្រកួតលើទីលានមួយរយៈ។ ទន្ទឹមនឹងនោះ ក្លិបអធិរាជស ក៏បានប្រកាសពីការបន្តកិច្ចសន្យាថ្មីដល់ Dani Carvajal រហូតដល់ខែមិថុនា ឆ្នាំ២០២៦ បើទោះជាកីឡាករកំពុងរងរបួស និង អវត្តមានជាច្រើនខែក្តី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង