ខ្សែបម្រើ Vinícius Júnior នឹងខកខានការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលនៅក្នុងវគ្គជម្រុះ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង CONMEBOL នៅខែតុលានេះ ដោយសាររបួសក។
កីឡាករវ័យ២៤ឆ្នាំ បានរងរបួសអំឡុងការប្រកួតដែលរូបគេជួយក្រុម Real Madrid ឈ្នះក្រុម Villarreal ដោយលទ្ធផល ២-០ នៅក្នុងក្របខណ្ឌ La Liga នាកីឡដ្ឋាន Santiago Bernabéu។
Vinícius Júnior គឺជាកីឡាករសំខាន់ទី៤ហើយ ដែលមិនអាចជួយក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Dorival Júnior ហើយរូបគេនឹងត្រូវជំនួសដោយខ្សែបម្រើ Andreas Pereira របស់ក្លិប Fulham។
បញ្ហារបស់ Vinícius Júnior បានបង្កជាក្តីកង្វល់សម្រាប់ក្រុមសាំបាប្រេស៊ីលដែលមិនសូវទទួលបានលទ្ធផលល្អខ្លាំងឡើយ ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង CONMEBOL ដោយឆ្លងកាត់៨ប្រកួតពួកគេឈ្នះ៣ ស្មើ១ ចាញ់៤ និងកំពុងឈរលេខ៥ ក្នុងតារាងពិន្ទុ ចំណោម១០ក្រុម ដោយមាន១០ពិន្ទុ ស្មើពិន្ទុក្រុមលេខ៦ វេណេស៊ុយអេឡា និង ពីលើក្រុមលេខ៧ ប៉ារ៉ាហ្កាយតែ១ពិន្ទុ។
កូតាសម្រាប់ក្រុមនៅតំបន់អាមេរិកខាងត្បូង CONMEBOL មាន ៦កៅអី ដែលជាកៅអីស្វ័យប្រវត្តិទៅកាន់ ជុំចុងក្រោយ FIFA World Cup 2026 ខណៈក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ៧ ត្រូវឆ្លងកាត់វគ្គ Play-Off។
ដូច្នេះហើយជាមួយលទ្ធផលបច្ចុប្បន្ន មិនបានធ្វើអោយក្រុមប្រេស៊ីល មានទំនុកចិត្តគ្រប់គ្រាន់នោះទេ ហើយបូករួមជាមួយបញ្ហាកីឡាកររបួសជាបន្តបន្ទាប់ទៀតនោះ បានបន្ថែមសម្ពាធ ដល់ក្រុមដែលជាជើងឯកពិភពលោក ៥សម័យមួយនេះ។
សម្រាប់ការប្រកួត វគ្គជម្រុះ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង CONMEBOL នៅខែតុលានេះ ក្រុមប្រេស៊ីលមាន២ប្រកួត គឺត្រូវប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះឈីលីនៅថ្ងៃទី ១០ ខែតុលា មុនបន្តស្វាគមន៍ក្រុមប៉េរូ នៅ៥ថ្ងៃបន្ទាប់ពីនោះ៕