បញ្ហារបួសរបស់ ខ្សែប្រយុទ្ធ Harry Kane កំពុងតែបង្កអោយមានក្តីបារម្ភ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។
កីឡាករវ័យ៣១ឆ្នាំត្រូវបានប្តូរចេញ នៅក្នុងការប្រកួតដែល Bayern Munich ស្មើគ្នា៣-៣ ទល់នឹង Eintracht Frankfurt នៅក្នុងជំនួបក្របខណ្ឌ Bundesliga កាលពីចុងសប្តាហ៍កន្លងទៅ។
Harry Kane ត្រូវបានប្តូរចេញនៅវគ្គទី២ហើយជំនួស ដោយកីឡាករ Mathys Tel ខណៈដែលក្រុមគ្រូពេទ្យ បានពិនិត្យយ៉ាងខ្លាំង ទៅលើជើង ស្តាំរបស់គេ។
ដំណឹងនៃរបួសនេះកើតឡើង ដែលធ្វើអោយមានការសង្ស័យពីវត្តមានរបស់ Harry Kane ក្នុងការជួយក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួតនៅខែតុលានេះ។
ទោះយ៉ាងណាសម្រាប់បញ្ហានេះ គ្រូបង្វឹក Bayern Munich លោក Vincent Kompany បានអះអាងថា “វាឆាប់រហ័សពេកក្នុងការប៉ាន់ស្មានពីកម្រិតរបួស និង វត្តមានរបស់ Harry Kane ជាមួយក្រុម តែលោកក៏សង្ឃឹមថា កីឡាកររបស់លោក នឹងមិនមានបញ្ហាធ្ងន់ធ្ងរ នោះទេ។”
ដោយឡែក ក្រុមជម្រើសជាតិអង់គ្លេសមានការប្រកួត UEFA Nations League ចំនួន២ប្រកួតនៅក្នុងខែតុលា ដោយត្រូវស្វាគមន៍ក្រុមក្រិចនៅថ្ងៃទី ១០ ខែតុលា មុនបន្តទៅជួបក្រុមហ្វាំងឡង់នៅ៣ថ្ងៃបន្ទាប់ពីនោះ៕