
ខ្សែបម្រើ Paul Pogba និងក្លិបបាល់ទាត់ Juventus បានយល់ព្រមលើការបញ្ចប់កិច្ចសន្យា ជាមួយគ្នា។
ជាការពិត អតីតខ្សែបម្រើជម្រើសជាតិបារាំង ទើបតែទទួលដំណឹងល្អគឺបានការបន្ធូរបន្ថយការដាក់ពិន័យទាក់ទងនឹងសារធាតុញៀន ពីរយៈពេល ៤ឆ្នាំ មកនៅសល់ត្រឹម ១ឆ្នាំ កន្លះវិញ ប៉ុន្តែ ក្លិប Juventus មិនចង់បានរូបគេនៅរួមជាមួយក្លិបទៀតទេ។
Paul Pogba បានចូលខ្លួនជជែកជាមួយនឹងក្លិប Juventus ជុំវិញកិច្ចព្រមព្រៀងបញ្ចប់កុងត្រារវាងគ្នា ។ អតីតសមាជិក Manchester United កាលពីឆ្នាំ ២០២៣ កន្លងទៅ រងបម្រាមពី តុលាអាជ្ញាកណ្តាលកីឡា CAS មិនអោយពាក់ព័ន្ធទៅនឹងសកម្មភាពបាល់ទាត់រយៈពេល ៤ឆ្នាំ ក្រោយរកឃើញថាបានប្រើប្រាស់សារធាតុញៀនអំឡុងពេលប្រកួត។
យ៉ាងណា CAS បានសម្រេចចិត្តបន្ធូរបន្ថយបម្រាមលើ Pogba មកនៅសល់ត្រឹមតែរយៈពេល ១ឆ្នាំកន្លះ វិញ ខណៈគិតមកដល់បច្ចុប្បន្ន រូបគេ នឹងអាចវិលចូលទីលានវិញ នៅក្នុងខែមីនា ឆ្នាំ ២០២៥។
បែបនេះក្តី ការបង្ហាញវត្តមាននៅក្លិប Juventus ជាលើកទី២ របស់ Pogba ត្រូវបានបញ្ចប់ ខណៈពេលខ្សែបម្រើធ្លាប់ឈ្នះពាន World Cup 2018 ក៏បានបើកឱកាសក្នុងការចរចាលេងអោយក្រុមដទៃ ក្រោមហេតុផលដើម្បីកសាងអាជីពបាល់ទាត់ឡើងវិញ បន្ទាប់ពីបម្រាម និងក្រោយពេលបញ្ចប់កុងត្រាជាមួយក្លិបអ៊ីតាលី។ កុងត្រារបស់ Pogba ជាមួយក្លិប Juventus មានរយៈពេលរហូតដល់ឆ្នាំ ២០២៦៕