×

ខ្សែប្រយុទ្ធ Barcelona Ferran Torres នឹងអវត្តមានមួយរយៈព្រោះរបួសសរសៃពួរ

ខ្សែប្រយុទ្ធ Barcelona កីឡាករ Ferran Torres នឹងអវត្តមានពីទីលានមួយរយៈ ដោយមិនអាចកំណត់ពេលវេលាបាន ព្រោះតែរូបគេមានរបួសសរសៃពួរ។ នេះបើតាមការប្រកាសអោយដឹងពីក្លិបអ្នកមានបុណ្យ។

កីឡាករវ័យ២៤ឆ្នាំ បានរងរបួសក្នុងការប្រកួតដែល Barcelona ឈ្នះនៅទឹកដី Alaves ៣-០ ក្នុងការប្រកួតក្របខណ្ឌ La Liga កាលពីចុងសប្តាហ៍កន្លងទៅ។

របួសនេះ នឹងធ្វើអោយ Ferran Torres ត្រូវខកខានការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ទល់នឹងក្រុមដាណឺម៉ាក និង សែប ក្នុងពានរង្វាន់ UEFA Nations League នៅក្នុងខែតុលានេះ។

សារពត៌មាននៅអេស្ប៉ាញ អោយដឹងថា Ferran Torres អាចអវត្តមាន ចន្លោះពី៦ ទៅ៨សប្តាហ៍ក្រោយពីរងរបួស ពេលចូលលេងបានត្រឹមតែ ៥នាទីប៉ុណ្ណោះ។

ទាក់ទិននឹងរឿងនេះ ក្លិប Barcelona បានចេញសេចក្តីថ្លែងការណ៍ថា “ ការធ្វើតេស្តលើ Ferran Torres បានបង្ហាញថា រូបគេមានបញ្ហារបួសសរសៃពួរ និង សាច់ដុំនៅភ្លៅខាងស្តាំ។ ក្លិបមិនទាន់អាចបញ្ជាក់ពីពេលវេលាដែលរូបគេនឹងវិលត្រឡប់មកវិញនោះទេ ដោយវត្តមានរបស់គេគឺអាស្រ័យលើការវិវឌ្ឈនៃស្ថានភាពរបួស។”

Barcelona បច្ចុប្បន្នកំពុងជួបប្រទះបញ្ហាកីឡាកររងរបួសជាបន្តបន្ទាប់ ដោយក្នុងនោះមានកីឡាករសំខាន់ៗជាច្រើនរូបមកហើយមិនអាចចូលលេងបានដែលរួមមាន Dani Olmo, Gavi, Fermin Lopez, Andreas Christensen, Ronald Araujo, Marc-Andre ter Stegen ហើយចុងក្រោយគឺ Ferran Torres នេះ។

ជុំវិញបញ្ហាកីឡាកររបួសច្រើនរូបនេះដែរ គ្រូបង្វឹក Barcelona លោក Hansi Flick ក៏បានបង្ហាញពីក្តីបារម្ភ និងទទួលស្គាល់ថា បច្ចុប្បន្ន ក្លិបមិនមានជម្រើសកីឡាករច្រើនទេ។

ដោយឡែក ការឈ្នះ Alaves នោះ Barcelona នៅតែរក្សាចំណាត់ថ្នាក់កំពូលតារាងនៃក្របខណ្ឌ La Liga 2024-25 ដដែល ដោយឆ្លងកាត់ ៩ប្រកួតមកនេះ Barcelona មាន២៤ ពិន្ទុ ពីលើក្រុមគូប្រជែង Real Madrid ចំនួន ៣ ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង