ខ្សែប្រយុទ្ធ Harry Kane បានជាសះស្បើយ១០០ ភាគរយ ទាន់ពេល ដើម្បីត្រឡប់មកវិញនិងត្រៀមខ្លួនចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ UEFA Nations League ខាងមុខនេះ ។
ជាការពិត កន្លងទៅមានការព្រួយបារម្ភពីវត្តមានរបស់កីឡាករវ័យ ៣១ឆ្នាំ ជាមួយក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីរូបគេរងរបួសជើងស្តាំ ក្នុងការប្រកួតដែលក្រុម Bayern Munich ស្មើគ្នា ៣-៣ ទល់នឹង Eintracht Frankfurt នៅក្នុងជំនួបក្របខណ្ឌ Bundesliga កាលពីចុងសប្តាហ៍កន្លងទៅ។
ការប្រកួតនោះ Harry Kane ត្រូវបានប្ដូរចេញនាទីទី៧២ ដោយសារតែមានការប៉ះទង្គិចជាមួយកីឡាកររបស់ Eintracht Frankfurt ។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យរបស់ក្រមជម្រើសជាតិអង់គ្លេសបានចេញមកបញ្ជាក់ថា ប្រធានក្រុមរូបនេះមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ ពោលគឺអាចលេងបានធម្មតា។
ទន្ទឹមនឹងការវិលមកជួយក្រុមរបស់ Harry Kane ក្រុមអង់គ្លេសក៏ត្រូវអវត្តមានកីឡាករជាច្រើនរូបវិញដែរ ដែលមាន Morgan Gibbs-White របស់ Nottingham Forest F.C ខ្សែការពារកណ្ដាលកំពុងតែឡើងជើងរបស់ Atson Villa, Ezri Konsa និង Kobbie Mainoo របស់ Manchester United មិនអាចមកជួយក្រុមបានទេដោយសារតែរបួស។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអង់គ្លេសមានការប្រកួត UEFA Nations League ចំនួន២ប្រកួតនៅក្នុងខែតុលា ដោយត្រូវស្វាគមន៍ក្រុមក្រិចនៅថ្ងៃទី ១០ ខែតុលា មុនបន្តទៅជួបក្រុមហ្វាំងឡង់នៅ៣ថ្ងៃបន្ទាប់ពីនោះ៕