
អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ និង ក្លិប Barcelona កីឡាករ Andres Iniesta បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយក្នុងវ័យ ៤០ឆ្នាំ ។
Andres Iniesta ត្រូវបានអ្នកគាំទ្រ ស្គាល់យ៉ាងទូលំទូលាយ គឺជាកីឡាករដ៏អស្ចារ្យមួយរូបនៅក្នុងប្រវត្តិសាស្ត្រ និងធ្លាប់បានបង្កព្យុះភ្លៀងក្នុងវិស័យបាល់ទាត់រួមជាមួយមិត្តរួមក្រុមអេស្ប៉ាញ និង ក្លិប Barcelona ២ រូបទៀត គឺ Xavi Hernandez និង Sergio Busquets។
រូបគេបានបង្ហាញខ្លួន ១៣១ដង សម្រាប់ក្រុមអេស្ប៉ាញ និងបានរកគ្រាប់បាល់បញ្ចូលទី ដើម្បីជួយក្រុមឈ្នះជើងឯក FIFA World Cup 2010 និង ឈ្នះជើងឯក UEFA Euro ២លើកជាប់គ្នា ក្នុងឆ្នាំ ២០០៨ និង ២០១២។
ជុំវិញការប្រកាសចូលនិវត្តន៍នេះដែរ Andres Iniesta បាននិយាយទាំងភាពក្តុកក្តួល អំពីអាជីពដ៏រីករាយរបស់ខ្លួន និង គម្រោងអនាគត ដែលរូបគេចង់ក្លាយជាគ្រូបង្វឹកវិញម្តង។
Andres Iniesta បានថ្លែងដូច្នេះ “អាជីពជាកីឡាកររបស់ខ្ញុំបានបញ្ចប់ហើយ។ ខ្ញុំមានអនុស្សាវរីយ៍ ជាច្រើននៅលើទីលាន។ ប៉ុន្តែ ខ្ញុំមិនអាចចាកចេញឆ្ងាយពីបាល់ទាត់ទេ ក្រោយលាលែងពីអាជីពជាកីឡាករ រូបខ្ញុំនឹងបន្តធ្វើជាគ្រូបង្វឹកតទៀត។”
Andres Iniesta មានអាជីពជាកីឡាករបាល់ទាត់ដ៏ជោគជ័យមួយរូប រយៈពេល ២២ឆ្នាំ។ ចាប់តាំងពីបញ្ចប់ការហ្វឹកហាត់ជាមួយក្លិប La Masia រូបគេបានចូលរួមជាមួយ Barcelona ក្នុងឆ្នាំ២០០២ ជាទីដែលរូបគេបង្ហាញខ្លួនបាន ៦៧៤ដង ស៊ុតបាន ៥៧គ្រាប់ និងបានឈ្នះពានរង្វាន់តូចធំជាច្រើនដូចជា ពានរង្វាន់ La Liga ៩ដង Copa del Rey ៦ដង Supercopa de España ៥ដង UEFA Champions League ៤ដង UEFA Super Cup ២ដង និង FIFA Club World Cup ៣ដង។
រូបគេបានចាកចេញពី Barcelona ទៅចូលរួមក្លិបនៅលីគកំពូលជប៉ុន Vissel Kobe នៅឆ្នាំ២០១៨ ដោយបានឈ្នះពានរង្វាន់ J1 League ១ដង Emperor’s Cup ១ដង និង Japanese Super Cup ១ដង មុនពេលទៅចូលរួមក្លិប Emirates នៅអារ៉ាប់រួម កាលពីឆ្នាំ២០២៣ ដោយបង្ហាញខ្លួនបាន ២៣ដង ស៊ុតបាន ៥គ្រាប់។
ពេញមួយអាជីពជាកីឡាករបាល់ទាត់ សម្រាប់ក្លិប Andres Iniesta បានបង្ហាញខ្លួនដល់ទៅ ៨៨៥ដង ស៊ុតបាន៩៣គ្រាប់។ រីឯសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញវិញ រូបគេបង្ហាញខ្លួនបាន ១៣១ ដង ស៊ុតបាន១៣គ្រាប់ និងជាកីឡាករលំដាប់ទី៥ ដែលបង្ហាញខ្លួនបានច្រើនជាងគេសម្រាប់ក្រុមអេស្ប៉ាញ៕