×

ខ្សែបម្រើ Lamine Yamal កោតសរសើរការដឹកនាំរបស់គ្រូបង្វឹក លោក Hansi Flick

ខ្សែបម្រើ Lamine Yamal បានធ្វើការកោតសរសើរដល់ការដឹកនាំរបស់គ្រូបង្វឹក Barcelona លោក Hansi Flick ថាមានភាពល្អប្រសើរ ហើយកីឡាករទាំងអស់កំពុងតែពេញចិត្តពីរបៀបដឹករបស់លោក។

កីឡាករ វ័យ១៧ឆ្នាំ កំពុងកា្លយជាតារាបាល់ទាត់ដ៏លេចធ្លោមួយរូបរបស់ Barcelona និងកំពុងបន្តបង្ហាញសមត្ថភាព ក្នុងនាមជាកីឡាករដ៏សំខាន់ទាំងសម្រាប់ក្លិបអ្នកមានបុណ្យ និង ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ។

Lamine Yamal ក៏ជាផ្នែកមួយស្ថិតក្នុងគម្រោងរបស់លោក Hansi Flick ដោយបុរសជនជាតិអាល្លឺម៉ង់ បានជួយអោយក្លិប Barcelona មានភាពរីកចម្រើន និងទទួលបានការពេញចិត្តទាំងថ្នាក់ដឹកនាំក្លិប កីឡាករ និង អ្នកគាំទ្រ។ បន្ថែមពីនេះ Lamine Yamal ក៏អះអាងពីទំនាក់ទំនងល្អរបស់ លោក Hansi Flick ជាមួយសមាជិកនានារបស់ក្លិបផងដែរ។

ទាក់ទិននឹងរឿងនេះ Lamine Yamal បានអោយដឹងថា “យើងកំពុងតែរីករាយចំពោះអ្វីដែលយើងកំពុងតែមានក្នុងរដូវកាលនេះ។ ពួកយើងពិតជារីករាយខ្លាំងមែនទែនជាមួយរបៀបនៃការលេងរបស់ លោក Flick ។ ពេលខ្លះបាល់ទាត់យើងត្រូវការវាជាចាំបាច់ ទាំងការបញ្ចប់ទី និង ការដេញតាមយកបាល់ពីដៃគូជាដើម ដើម្បីស្វែងរកជ័យជំនះណាមួយ។ យើងក៏អាចគ្រប់គ្រងការប្រកួតផងដែរ ហើយវាជាអ្វីដែលយើងកំពុងតែមាន។”

Lamine Yamal បន្តថា “ លោក Flick គឺជាគ្រូបង្វឹកម្នាក់ដែលបានកែប្រែយើងគ្រប់គ្នាអោយឆ្ពោះទៅរកភាពជោគជ័យ និងបានបង្កើតឱកាសអោយយើងគ្រប់គ្នា។ បើទោះបីជាយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។”

សូមបញ្ជាក់ថា បច្ចុប្បន្ន Barcelona កំពុងតែកាន់កាប់កំពូលតារាង La Liga ដោយមាន ២៤ ពិន្ទុក្នុងចំណោម៩ប្រកួត ពីលើក្រុមលេខ២ Real Madrid ចំនួន៣ពិន្ទុ ខណៈការដឹកនាំនៅការប្រកួត UEFA Champions League វិញ ពួកគេឈ្នះ១ និងចាញ់១ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង