×

គ្រូអាល្លឺម៉ង់ថា នឹងព្យាយាមកែប្រែស្ថានការណ៍ខកចិត្ត កាលពី UEFA Euro 2024

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ លោក Julian Nagelsmann បាននិយាយ ថា រូបលោកកំពុងព្យាយាមកែប្រែស្ថានការណ៍នៃការខកចិត្តកាលពីការប្រកួតពានរង្វាន់ UEFA Euro 2024 តាមរយៈប្រឹងប្រែងក្នុងការប្រកួតពានរង្វាន់ UEFA Nations League។

ជាការពិត កាលពីព្រឹត្តិការណ៍ UEFA Euro 2024 ដែលខ្លួនជាម្ចាស់ផ្ទះ ក្រុមអាល្លឺម៉ង់ បានជួបភាពខកចិត្ត ដោយបានឡើងត្រឹមវគ្គ៨ក្រុមចុងក្រោយតែប៉ុណ្ណោះ ក្រោយពីចាញ់ក្រោមថ្វីជើងក្រុមជើងឯកអេស្ប៉ាញ ដោយលទ្ធផល ២-១។

ក្រោយពីព្រឹត្តិការណ៍បាល់ទាត់កំពូលអឺរ៉ុបនោះ ក្រុមឥន្ទ្រីយ៍ដែក ក៏បានជួបប្រទះបញ្ហាថ្មី គឺកីឡាករជើងចាស់សំខាន់ៗជាច្រើនរូបបានប្រកាសចូលនិវត្តន៍ជាបន្តបន្ទាប់ ដោយពួកគេចង់ទុកឱកាសដល់កីឡាករថ្មីៗក្មេងៗ។ បែបនេះនាំអោយមានការជជែកវែកញែក ពីសមត្ថភាពប្រកួតរបស់ក្រុមអាល្លឺម៉ង់ ដែលមានវត្តមានកីឡាករជំនាន់ក្រោយច្រើនរូប។ 

ទោះយ៉ាងណា លោក Julian Nagelsmann បានបង្ហាញការជឿជាក់ លើក្រុមថ្មីរបស់ខ្លួន និងថាជំនួសអោយការនិយាយឥតឈប់ឈរអំពីកីឡាករដែលចូលនិវត្តន៍ ផ្ទុយទៅវិញ លោកពេញចិត្តលើការផ្តោតការយកចិត្តទុកដាក់ជាមួយកីឡាករដែលនៅក្នុងក្រុម រួមទាំងការបង្កើតបរិយាកាសវិជ្ជមាន ដើម្បីយកឈ្នះការប្រកួត ហើយកែប្រែស្ថានការណ៍ដែលពួកគេជួបប្រទះកាលពីព្រឹត្តិការណ៍ UEFA Euro 2024 វិញ។

លោក Julian Nagelsmann បានអោយដឹងដូច្នេះ “ក្នុងនាមជាគ្រូបង្វឹកអាល្លឺម៉ងបច្ចុប្បន្ន ខ្ញុំត្រូវពិនិត្យមើលរឿង២យ៉ាង មួយគឺកីឡាករជើងចាស់ជាច្រើនរូបដែលចូលនិវត្តន៍ និងកីឡាករថ្មីៗនៅក្នុងក្រុម។ ទោះយើងបានបាត់បង់កីឡាករឆ្នើមៗក៏ពិតមែន ប៉ុន្តែវាជារឿងល្អ ដោយកីឡាករជំនាន់ក្រោយ អាចមានឱកាសបញ្ចេញសមត្ថភាពរបស់ពួកគេ។”

គ្រូបង្វឹកវ័យ៣៧ឆ្នាំបន្តថា “ អ្វីដែលខ្ញុំមើលឃើញគឺជាឱកាសដែលកីឡាករថ្មីៗនឹងស្វែងយល់ពីការប្រកួត ក្រោយការខកចិត្តរបស់យើងនៅ UEFA Euro 2024។ យើងនឹងព្យាយាមកែប្រែស្ថានការណ៍អោយល្អប្រសើរវិញ នៅក្នុងការប្រកួត UEFA Nations League នៅពេលឆាប់ៗនេះ។”

សូមបញ្ជាក់ថា អាល្លឺម៉ង់នឹងមានការប្រកួត UEFA Nations League ទល់នឹងក្រុមប៊ូស្នី ដែលធ្វើឡើងនាយប់នេះ ចាប់ពីវេលាម៉ោង ១ ៤៥នាទីតទៅ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CBS ផងដែរ។ ដោយឡែក ក្រោយចប់ការប្រកួតទល់នឹង ក្រុមប៊ូស្នី ក្រុមអាល្លឺម៉ង់ និងបន្តការប្រកួត  UEFA Nations League ទល់នឹងក្រុមហូឡង់ នៅថ្ងៃទី១៤ ខែតុលា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង