
អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានអះអាងថា រូបលោកនៅចង់សម្រាកលំហែកាយ ដោយមិនប្រញាប់ស្វែងរកការងារដឹកនាំក្រុមថ្មីនោះឡើយ ប៉ុន្តែលោកនៅតែបើកចិត្តពិចារណាឱកាសទៅដឹកនាំក្រុមជម្រើសជាតិថ្មី។
បុរសវ័យ៥៤ឆ្នាំ បានបញ្ចប់ការរួមរស់ជាមួយក្រុមអង់គ្លេសរយៈពេល៨ឆ្នាំ កាលពីខែកក្កដា ក្រោយចាញ់ក្រុមអេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2024 ដែលនោះជាការចាញ់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់កំពូលទ្វីបអឺរ៉ុប២លើកជាប់គ្នា បន្ទាប់ពីអង់គ្លេសបានចាញ់អ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ UEFA Euro 2020 ។
បច្ចុប្បន្ន ក្រុមតោកំណាចស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Lee Carsley នៅឡើយ ដោយមិនទាន់មានគ្រូបង្វឹកអចិន្ត្រៃយ៍នោះទេ។
ដោយឡែក មានការរាយការណ៍អោយដឹងថា អតីតគ្រូបង្វឹកក្លិប Middlesbrough រូបនេះ ត្រូវបានក្លិប Man UTD ទាក់ទងអោយទៅដឹកនាំជំនួសលោក Erik ten Hag។ លោក Southgate ក៏ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ទាក់ទងនឹងផ្តល់តួនាទីជាអ្នកសង្កេតការណ៍បច្ចេកទេសផងដែរ។ ទោះមានការទាក់ទងជាច្រើន ប៉ុន្តែលោក Gareth Southgate បាននិយាយថា លោកនៅចង់សម្រាកលំហែកាយសិន ប៉ុន្តែលោកនឹងស្វែងរកការដឹកនាំក្រុមឡើងវិញនៅឆ្នាំក្រោយ ដោយចង់ដឹកនាំក្រុមជម្រើសជាតិដដែល ប៉ុន្តែជាក្រុមផ្សេងក្រៅពីក្រុមអង់គ្លេស។
លោក Gareth Southgate បាននិយាយក្នុងកិច្ចសម្ភាសន៍មួយនាទីក្រុងអាតែន ប្រទេសក្រិចថា “ខ្ញុំទទួលបានការទាក់ទងជាច្រើន ប៉ុន្តែពេលនេះខ្ញុំគ្រាន់តែត្រូវការពេលសម្រាកសិន ហើយលះបង់រឿងរ៉ាវកន្លងមក។ នៅពេលដែលអ្នកកាន់តួនាទីធំមួយ អ្នកនឹងមិនដឹងថាវាមានទម្ងន់ធ្ងន់ប៉ុណ្ណានោះទេ ទាល់តែអ្នកទម្លាក់វាចុះ។ ពេលនេះខ្ញុំបានធូរស្រាលហើយ ហើយខ្ញុំនៅចង់មានពេលរីករាយជាមួយឱកាសនេះសិន។ ខ្ញុំនឹងមិនដឹកនាំក្រុមណាមួយទេ ទាល់តែឆ្នាំក្រោយ ហើយពេលដឹកនាំខ្ញុំក៏នឹងដឹកនាំក្រុមជម្រើសជាតិថ្មីមួយទៀត។”
លោកក៏អះអាងថា គ្មានការសោកស្តាយឡើយចំពោះការចាកចេញ។ មិនសោកស្តាយចំពោះតំណែងនៅក្នុងក្រុមអង់គ្លេស ព្រោះតែរយៈពេល ៨ឆ្នាំកន្លងទៅ លោកបានបង្កើតសមិទ្ធផលជាច្រើនសម្រាប់តោកំណាច។
សូមបញ្ជាក់ថា លោក Gareth Southgate បានចូលដឹកនាំក្រុមអង់គ្លេសកាលពីខែកញ្ញា ឆ្នាំ២០១៦ ដោយដឹកនាំបានចំនួន ១០២ ប្រកួត ក្នុងនោះ ឈ្នះ ៦១ដង ស្មើ ២៤ដង និង ចាញ់១៧ដង។ លោកបានជួយក្រុម ឡើងដល់វគ្គ៤ក្រុមចុងក្រោយ FIFA World Cup 2018 និង វគ្គ៨ក្រុម FIFA World Cup 2022 រួមទាំង ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Euro ២ដងជាប់គ្នា៕