×

ក្រុមក្រិចឧទ្ទិសជ័យជំនះដល់ការបាត់បង់ជីវិតខ្សែការពារ George Baldock

ក្រុមបាល់ទាត់ជម្រើសជាតិក្រិច ទាំងអស់បានធ្វើការឧទ្ទិសជ័យជំនះដែលពួកគេទទួលបានទៅលើក្រុមជម្រើសជាតិអង់គ្លេសដោយលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់ UEFA Nations League ទៅអោយ ខ្សែការពារ  George Baldock ដែលទើបតែបាត់បង់ជីវិតយ៉ាងគួរអោយភ្ញាក់ផ្អើលក្នុងវ័យ៣១ឆ្នាំ។

ជាការពិត អតីតខ្សែការពាររបស់ក្លិបបាល់ទាត់ Sheffield United កីឡាករ George Baldock ដែលទើបតែផ្លាស់ទៅកាន់ក្លិប Panathinaikos នៃលីគកំពូលរបស់គ្រិច ត្រូវបានប្រទះឃើញថាបានស្លាប់នៅក្នុងអាងហែលទឹកនៅក្នុងផ្ទះរបស់គេ នាទីក្រុងអាតែន។

ការផ្លាស់ទៅលេងអោយក្លិបនៅស្រុកកំណើត Panathinaikos នេះ George Baldock ទើបតែចាប់ផ្ដើមលេងបាន៤ប្រកួតប៉ុណ្ណោះ ហើយក៏បានជួយក្រុមអោយបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ ទល់នឹងក្រុម Olympiakos កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន។

ក្នុងការប្រកួតរវាងក្រុមក្រិច និង ក្រុមអង់គ្លេស មុនពេលចាប់ផ្ដើមគ្រប់គ្នាទាំងអស់បានធ្វើការស្មឹងស្មាធចំនួន១នាទីផងដែរដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធ កីឡាករដែលបានបាត់បង់ជីវិត។ 

ការប្រកួតនោះ ខ្សែប្រយុទ្ធ Vangelis Pavlidis ជាអ្នករកបានគ្រាប់បាល់២គ្រាប់ ខណៈខ្សែបម្រើ  Jude Bellingham ជាអ្នករកគ្រាប់បាល់សម្រាប់ក្រុមអង់គ្លេស។

ក្នុងការរកគ្រាប់បាល់ទាំង២គ្រាប់នៃការឈ្នះរបស់ក្រុមក្រិចនេះដែរ កីឡាករ Vangelis Pavlidis បាននិយាយថា “ជ័យជំនះទាំងអស់នេះគឺសម្រាប់មិត្តរួមក្រុមរបស់ខ្ញុំ George Baldock ដែលបានទទួលមរណភាព។”

ក្នុងការប្រកួតនោះ Pavlidis ក៏បានចាប់យកលេខអាវដែល George Baldok ធ្លាប់ពាក់កាលនៅមានជីវិតគឺលេខ២មកអបអរភ្លាមៗក្រោយពេលដែលគេរកបានគ្រាប់បាល់។

កីឡាករវ័យ២៥ឆ្នាំបន្តទៀតថា “វាជាការប្រកួតមួយដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិក្រិច ព្រោះតែទាំងនេះគឺយើងធ្វើវាដើម្បី George ហើយវាពិតណាស់យើងផ្ដល់ជ័យជជំនះទាំងនេះទៅកាន់គេ និងគ្រួសាររបស់គេ។ យើងបាននិយាយគ្នាថាយើងលេងការប្រកួតនេះដើម្បីគេ។”

ដោយឡែក ក្រុមក្រិចនឹងត្រូវបន្តការប្រកួត UEFA Nations League ដោយត្រូវប៉ះក្រុមអៀរឡង់ ខណៈក្រុមអង់គ្លេស ទៅប៉ះ ក្រុមហ្វាំងឡង់ នៅថ្ងៃទី១៣ ខែតុលាខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង