
ក្លិប Man UTD មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយ អំពីអនាគតរបស់លោក Erik ten Hag ក្នុងនាមជាគ្រូបង្វឹកនៅឡើយទេ បើទោះជាមានការប្រជុំដ៏តានតឹងរបស់ថ្នាក់ដឹកនាំក្លិប រួចហើយក៏ដោយ។
ជាការពិត អនាគតរបស់គ្រូបង្វឹក Man UTD លោក Erik ten Hag កាន់តែមានភាពស្រពេចស្រពិល ឡើងជាលំដាប់ បន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់ក្នុងការដឹកនាំក្រុម។ មកទល់បច្ចុប្បន្ន Man UTD មានទម្រង់លេងធ្លាក់ចុះខ្លាំងមែនទែន ជាពិសេសរដូវកាលថ្មីនេះដោយអាចទទួលបានជ័យជំនះត្រឹមតែ៣ដងប៉ុណ្ណោះក្នុងការប្រកួត ១១ លើក គ្រប់ពានរង្វាន់ទាំងអស់ ដោយក្នុងនោះមានមួយប្រកួតឈ្នះលើក្រុមមកពី League One ក្នុងពានរង្វាន់ EFL Cup។
ក្នុងដើមរដូវកាល ២០២៤-២៥ Man UTD ក៏បានជួបប្រទះបញ្ហា ដោយក្រុមមិនអាចរកបានគ្រាប់បាល់តាមតម្រូវការ ។ ការប្រកួត Premier League ៣លើក ចុងក្រោយមកនេះ Man UTD នៅមិនទាន់ស៊ុតបញ្ចូលទីគូប្រកួតបាននៅឡើយ។ ឆ្លងកាត់ការប្រកួត Premier League ៧លើករួចមក Man UTD ទើបតែស៊ុតបាល់ បញ្ចូលទី៥គ្រាប់ប៉ុណ្ណោះ ដែលនេះជាហេតុធ្វើអោយពួកគេជួបប្រទះកំណត់ត្រាដ៏អាក្រក់ថ្មី មួយបន្ថែមទៀត គឺការចាប់ផ្តើមរដូវកាលថ្មីមិនល្អ និងពិបាករកគ្រាប់បាល់ ចាប់តាំងពីរដូវ កាល ១៩៨៩-៩០។
ដោយសារការចាប់ផ្តើមរដូវកាលនេះមិនសូវល្អ ក្រុមបិសាចក្រហម កំពុងជួបការលំបាកក្នុងចំណាត់ថ្នាក់ទី ១៤ ក្នុងក្របខណ្ឌ Premier League ដែលនាំអោយមានការកើនឡើងសម្ពាធលើ Ten Hag ។ នេះបាននាំអោយមានការបើកកិច្ចប្រជុំថ្នាក់ដឹកនាំក្លិប Man UTD ដោយមានទាំងវត្តមានសហម្ចាស់ក្លិបលោក Jim Ratcliffe ដែលត្រូវបានធ្វើឡើង ដើម្បីពិភាក្សាអំពីស្ថានភាពរបស់ក្រុម ប៉ុន្តែមិនមានការសម្រេចចិត្តភ្លាមៗណាមួយត្រូវបានសម្រេចនៅឡើយទេ បើទោះជាការប្រជុំនោះចាយរយៈពេលដល់ទៅ៧ម៉ោងក្តី។ លោក Ratcliffe ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្លាស់ប្តូរមួយ ទោះបីជាក្លិបមានបំណងចាត់វិធានការវាស់វែងមុននឹងសម្រេចក្តី។ ទោះយ៉ាងណា ការពិភាក្សាអំពីអនាគតរបស់លោក Erik ten Hag ត្រូវបានរំពឹងទុកថា នឹងបន្តធ្វើឡើង ខណៈពេលវេលានៃការដឹកនាំរបស់លោកនៅទឹកដី Old Trafford កាន់តែខើចទៅ។
បន្ទាប់ពីការសម្រាកអន្តរជាតិ Man UTD នឹងបន្តការប្រកួត Brentford និង West Ham នៅក្នុងក្របខណ្ឌ Premier League រួមទាំងការប្រកួតនៅក្របខណ្ឌ UEFA Europa League ទល់នឹង Fenerbahçe ដែលនឹងកា្លយជាការប្រកួតដើម្បីសម្រេចអំពីជោគវាសនារបស់លោក Erik ten Hag ក្នុងការកាន់តំណែងនៅ Man UTD ៕