×

ក្លិបបាល់ទាត់មួយនៅរុស្ស៊ី ចង់បានខ្សែបម្រើ Paul Pogba ទៅចូលរួម

សារព័ត៌មាន Sportbible បានផ្សព្វផ្សាយអោយដឹងថា ក្លិបបាល់ទាត់មួយនៅក្នុងប្រទេសរុស្ស៊ីដែលមិនត្រូវបានទទួលស្គាល់ដោយ FIFA ឈ្មោះ Broke Boys FC បានដេញថ្លៃ ដើម្បីចុះហត្ថលេខានាំយកខ្សែបម្រើ Paul Pogba ពីក្លិប Juventus។

អតីតខ្សែបម្រើដ៍មានឥទ្ធិពលរបស់ Man UTD បានជួបភាពអួអ័ព្ទដោយសារតែត្រូវអាជ្ញាធររកឃើញថា មានលទ្ធផលវិជ្ជមានលើការប្រើប្រាស់សារជាតិញៀនហាមឃាត់។

ដំបូងរូបគេត្រូវបានកាត់ក្តីមិនអោយពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល៤ឆ្នាំ ប៉ុន្តែ បន្ទាប់ពីការប្តឹងតវ៉ាដោយជោគជ័យទៅកាន់តុលាការអាជ្ញាកណ្តាលកីឡា CAS រួចមកនោះ Pogba ក៏ត្រូវបន្ធូរបន្ថយទណ្ឌកម្ម មកនៅត្រឹម១៨ខែវិញ និងអាចបន្តការហ្វឹកហាត់ នៅខែមករា ឆ្នាំ២០២៥ ហើយមានសិទ្ធិចូលទីលានប្រកួតផ្លូវការចាប់ពីខែមីនាតទៅ។

ទោះជាមានឱកាស និង សេរីភាពក្នុងការហ្វឹកហាត់វិញ ហើយអាចចាប់ផ្តើមចូលលេងបាល់អាជីពដើម្បីស្តារមុខមាត់ និង សមត្ថភាព ក៏ដោយ ប៉ុន្តែកីឡាករបារាំង មិនត្រូវបានក្លិប Juventus ចង់បានជាកីឡាកររបស់ក្លិបទៀតនោះទេ។

កីឡាករវ័យ ៣១ឆ្នាំ នៅមានកុងត្រាជាមួយ Juventus រហូតដល់ឆ្នាំ ២០២៦ ប៉ុន្តែក្លិបអ៊ីតាលី រំពឹងថា នឹងឈានទៅរកការបញ្ចប់កិច្ចសន្យារបស់ពួកគេមុនពេលកំណត់។ ដូច្នេះ Pogba នឹងក្លាយជាកីឡាករដែលអាចផ្ទេរទៅក្លិបដ៍ទៃដោយគ្មានតម្លៃខ្លួនក្នុងពេលឆាប់ៗនេះ ពោលគឺក្លិបដែលចង់បានរូបគេចាំបាច់ត្រូវចរចាដោយរ៉ាប់រងលើប្រាក់ខែ និង ផលប្រយោជន៍ផ្សេងទៀតប៉ុណ្ណោះ។

ឥឡូវនេះ Paul Pogba បានទទួលការចាប់អារម្មណ៍ពីក្លិប នៅរុស្ស៊ី Broke Boys FC ដែលជាក្លិប បាល់ទាត់មិនត្រូវបានទទួលស្គាល់ដោយ FIFA។

ការពិតក្លិប Broke Boy FC បច្ចុប្បន្នកំពុងមានវត្តមានលេងនៅ Media Football League ដែលជាក្រុមជាលីគក្រៅផ្លូវការបង្កើតឡើងដោយបុគ្គលអ្នកមានឥទ្ធិពល និងតារាល្បីៗជាច្រើន។ លីគនេះមានប្រជាប្រិយភាពនៅក្នុងប្រទេសរុស្ស៊ី ដោយមានអ្នកគាំទ្ររាប់ពាន់នាក់មកទស្សនានៅកីឡដ្ឋាន និងតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីមើលតារាល្បីៗដែលពួកគេចូលចិត្ត។ Broke Boys គឺជាម្ចាស់ជើងឯកដែលបានឈ្នះ 2DROTS ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំនេះនៅចំពោះមុខអ្នកទស្សនា ២៧,០០០ នាក់។

ដោយឡែក ក្រៅពីក្លិប Broke Boy FC នេះហើយ Paul Pogba ក៏ត្រូវបានផ្សារភ្ជាប់ការផ្លាស់ទៅកាន់ក្លិបបារាំង Marseille ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង