ខ្សែប្រយុទ្ធ Robert Lewandowski បានធ្វើការលើកសរសើរ ខ្សែប្រយុទ្ធ Cristiano Ronaldo ថា នៅតែអាចក្សាសមត្ថភាពជាខ្សែប្រយុទ្ធឆ្នើម និងចំណង់ក្នុងការបន្តអាជីពក្នុងវិស័យកីឡាបាល់ ទោះមាន ៣៩ឆ្នាំហើយក្តី។
ការលើកឡើង របស់ Robert Lewandowski គឺបន្ទាប់ពីកីឡាករទាំង២ រូប បានជួបប្រកួតគ្នាក្នុងពានរង្វាន់ UEFA Nations League កាលពីពេលកន្លងទៅ ដោយក្នុងនោះក្រុមជម្រើសជាតិប៉ូឡូញរបស់ Lewandowski បានចាញ់ក្រុមជម្រើសជាតិព័រទុយហ្កាល់របស់ Cristiano Ronaldo ដោយលទ្ធផល ៣-១ នាកីឡដ្ឋាន Narodowy ដែលស្ថិតនាទីក្រុង Warsaw ។
ក្នុងការប្រកួតនោះ Ronaldo បានស៊ុតបញ្ចូលទី១គ្រាប់ផងដែរ ដែលជាគ្រាប់បាល់ទី១៣៣របស់គេជាមួយក្រុមជម្រើសជាតិ។
អ្វីដែល Lewandowski ស្ញប់ស្ញែងចំពោះ Cristiano Ronaldo គឺដោយសាររូបគេជាអត្តពលិកម្នាក់ដែលអាចជំរុញ និងបំផុតគំនិតអោយមនុស្សជុំវិញពិភពលោកចូលរួមលេងកីឡា ជាពិសេសកីឡាបាល់ទាត់ និងអាចបញ្ចេញសមត្ថភាពយ៉ាងខ្លាំងក្លាដដែល ទោះជាមានវ័យជ្រេ ដល់ទៅ៣៩ឆ្នាំហើយក្តី។
ទាក់ទិននឹងរឿងនេះ Robert Lewandowski បានថ្លែងប្រាប់អោយដឹងថា “ខ្ញុំទទួលស្គាល់ទាំងស្រុងចំពោះអ្វីដែល Ronaldo សម្រេចបានក្នុងអាជីព និងការបង្កើតកំណត់ត្រា ។ ទោះអាយុ៣៩ឆ្នាំទៅហើយ តែ Ronaldo នៅតែមានអារម្មណ៍ស្រេកឃ្លានយកឈ្នះការប្រកួត មិនខុសពីកីឡាករក្មេងៗឡើយ។
កីឡាករក្លិប Barcelona បានបន្ថែមថា “Ronaldo នៅតែមានមហិច្ឆតា ហើយកាយសម្បទារបស់គេនៅតែល្អ។ មិនថាអាយុប៉ុន្មានទេ គេនៅតែមានសមត្ថភាព ដែលកីឡាករជាច្រើនទៀតមិនអាចធ្វើបានដូចគេ។”
ដោយឡែក ទាំងក្រុមប៉ូឡូញ និង ក្រុមព័រទុយហ្កាល់នៅសល់ការប្រកួត UEFA Nations League ១ប្រកួតទៀត សម្រាប់ការប្រកួតក្នុងខែតុលានេះ ដោយក្រុមប៉ូឡូញត្រូវប៉ះ ក្រុមក្រូអាត រីឯ ក្រុមព័រទុយហ្កាល់ត្រូវប៉ះក្រុមស្កុតឡេន នៅយប់ថ្ងៃអង្គារ សប្តាហ៍នេះ៕