×

អាជ្ញាកណ្តាលបាល់ទាត់នារីមួយរូបនៅទួរគី ត្រូវបានហាមប្រាមមិនអោយកាត់សេចក្តីអស់មួយជីវិត

អាជ្ញាកណ្តាលកីឡាបាល់ទាត់នារីជនជាតិតួកគី នាង Elif Karaarslan ត្រូវបានហាមប្រាមមិនអោយកាត់សេចក្តីអស់មួយជីវិត ក្រោយការបែកធ្លាយវីដេអូរួមភេទជាមួយអ្នកសង្កេតការណ៍អាជ្ញាកណ្តាលលោក Orhan Erdemir ។

នារីវ័យ២៤ឆ្នាំ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់តួកគី TFF ចេញបម្រាម បន្ទាប់ពីនាងត្រូវបានរាយការណ៍ថាបានរួមភេទជាមួយលោក Orhan Erdemir អាយុ៦១ឆ្នាំ ក្នុងវីដេអូមួយ ដែលបានបែកធ្លាយ។ ជាមួយគ្នានោះ TFF ក៏បានដាក់ទណ្ឌកម្មដូចគ្នាលើលោក Erdermir ដែលជាអតីតមន្ត្រីសហព័ន្ធបាល់ទាត់ពិភពលោក FIFA ផងដែរ។

ទោះយ៉ាងណា នាង Elif Karaarslan បានបដិសេធថា ខ្លួនមិនមែនជាមនុស្សនៅក្នុងខ្សែអាត់វីដេអូដែលបានបែកធ្លាយនោះទេ វាគឺជាការកាត់តផលិតដោយប្រើបច្ចេកវិទ្យា AI ហើយ នាងនឹងចាត់វិធានការតាមផ្លូវច្បាប់ នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាម។

សេចក្តីថ្លែងការណ៍ដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិតបានអះអាងថា វីដេអូដែលបានកាត់តត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម ដែលមិនមែនវីដេអូជាដើម ហើយត្រូវបានបង្កើតឡើងទាំងស្រុងដោយ AI ពីគណនីរបស់ជនអនាមឹកម្នាក់ ខណៈដែលពេលពិនិត្យមើលវីដេអូទើបឃើញថា រូបភាពមិនច្បាស់នោះទេ។

មុនពេលក្លាយជាអាជ្ញាកណ្តាល នាង Elif Karaarslan គឺជាអតីតកីឡាការិនីម្នាក់របស់ក្លិប Besiktas ប៉ុន្តែការញ៉ាំញីដោយរបួសបានបង្ខំអោយនាងប្រកាសចូលនិវត្តន៍ទាំងវ័យក្មេង។

មានការលើកឡើងថា នាង Elif Karaarslan ពុំបានប្រព្រឹត្តទង្វើបែបនេះទេ ហើយទាមទារអោយស្វែងរកយុត្តិធម៌ដើម្បីជាគំរូសម្រាប់នារីជាច្រើនផ្សេងទៀត ដែលកំពុងរងគ្រោះដោយសារបញ្ហាស្រដៀងគ្នានេះ។

សម្រាប់ លោក Orhan Erdemir វិញ ក៏ធ្លាប់ជាអាជ្ញាកណ្តាលរបស់ FIFA ចន្លោះឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០២។ លោកក៏ធ្លាប់ជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតនៅក្នុងលីគកំពូលតួកគី Super Lig ផងដែរ មុនពេលក្លាយជាអ្នកសង្កេតការណ៍របស់អាជ្ញាកណ្តាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង