×

ខ្សែការពារ Wesley Fofana ថា Kylian Mbappe នៅតែជាកីឡាករល្អមួយរូបទោះបានខកខានការប្រកួតអោយក្រុមបារាំងនៅខែតុលានេះ

ខ្សែការពារក្រុមបារាំង Wesley Fofana បាននិយាយថា ខ្សែប្រយុទ្ធ Kylian Mbappe នៅតែជាកីឡាករល្អនិងលេចធ្លោមួយរូប ទោះជារូបគេមិនបានចូលរួមជួយក្រុមបារាំងក្នុងការប្រកួត UEFA Nations League នៅខែតុលានេះក្តី។

ការលើកឡើងរបស់កីឡាករ វ័យ២៣ឆ្នាំ ជាការការពារ Kylian Mbappe និងឆ្លើយតបនឹងការរិះគន់ដែលថា រូបគេ សុខចិត្តចំណាយពេលវេលាដើរកម្សាន្តជាជាងមកជួយក្រុមបារាំង។

ការប្រកួត UEFA Nations League ដែលបារាំងបានជួបអ៊ីស្រាអែល និង បែលហ្ស៊ីក នៅខែតុលានេះ Mbappe មិនមានវត្តមានជួយក្រុមនោះទេ ដោយរូបគេបន្តលេងជាមួយក្លិប Real Madrid ទៅវិញ។ ករណីនេះបានធ្វើអោយកីឡាករវ័យ២៥ឆ្នាំ បានទទួលការរិះគន់យ៉ាងច្រើន។

តាំងពីខែកញ្ញាមក Mbappe បានជួបបញ្ហារបួសសាច់ដុំ នឹងបានខកខានការប្រកួតមួយចំនួនអោយ Real Madrid នៅក្របខណ្ឌ La Liga ប៉ុន្តែរូបគេបានវិលចូលប្រកួតអោយក្លិប យ៉ាងឆាប់រហ័យ ក្នុងពានរង្វាន់ UEFA Champions League កាលពីថ្ងៃទី២ ខែតុលា។ កាលនោះជាពេលដែល Real Madrid ចាញ់ Lille ដោយលទ្ធផល ១-០។

បន្ទាប់មក Mbappe ក៏មានវត្តមានក្នុងការប្រកួតទល់នឹង Villarreal ក្របខណ្ឌ La Liga ជាថ្មី បន្ទាប់ពីគេត្រូវបានដកឈ្មោះចេញពីជម្រើសជាតិបារាំងព្រោះតែខ្វះខាតពេលវេលា នៅក្នុងការត្រៀមខ្លួនគ្រប់គ្រាន់ ក្រោយធូរស្រាលពីរបួស។ រឿងទាំងនេះហើយ ធ្វើអោយអ្នកគាំទ្រក្រុមបារាំងចាប់ផ្តើមរិះគន់ខ្លាំងលើ Mbappe ថាមិនបានខ្វាយខ្វល់ពីការប្រកួតរបស់ក្រុមជម្រើសជាតិ។

ទោះយ៉ាងណា កីឡាករ Wesley Fofana បានចេញមុខការពារ Kylian Mbappe ចំពោះបញ្ហានៃការរិះគន់។ Wesley Fofana បាននិយាយដូច្នេះថា “មនុស្សគ្រប់គ្នាអាចធ្វើអ្វីតាមតែគេចង់ធ្វើ នៅពេលទំនេរ ហើយការបានជួយ ឬ មិនបានជួយក្រុមបារាំង ក៏នៅតែធ្វើអោយ Kylian Mbappe ជាកីឡាករដ៏ល្អមួយរូបដដែល។”

ក្រៅពី Wesley Fofana ហើយ ខ្សែបម្រើ Matteo Guendouzi របស់ក្រុមបារាំង ក៏ចេញមុខការពារ Mbappe ថាក្រុមបារាំងគ្មានបញ្ហាអ្វីជាមួយនឹង Mbappe ឡើយ ហើយកីឡាករក្លិប Lazio ក៏បានបញ្ជាក់ថា Mbappe ពិតជាស្រលាញ់ក្រុមជម្រើសជាតិបារាំងដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង