×

គ្រូបារាំង កោតសរសើរខ្សែប្រយុទ្ធ Randal Kolo Muani ក្រោយរកគ្រាប់បាល់ជួយបារាំងដែលមានគ្នាតែ១០នាក់ ឈ្នះ បែលហ្ស៊ីក

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំងលោក Didier Deschamps បានធ្វើការកោតសរសើរដល់ខ្សែប្រយុទ្ធ Randal Kolo Muani ក្រោយពីរូបគេរកគ្រាប់បាល់ជួយបារាំងដែលមានគ្នាតែ១០នាក់ យកឈ្នះ បែលហ្ស៊ីក នៅក្នុងលទ្ធផល ២-១ ក្នុងជំនួបពានរង្វាន់ UEFA Nations League។

ក្នុងការប្រកួតដែលធ្វើឡើងនា កីឡដ្ឋាន King Baudouin Stadium នាទីក្រុង Brussels កាលពីយប់មិញនោះ មានការសម្រុកគ្នាយ៉ាងខ្លាំងហើយនៅវគ្គទី១ ដោយក្រុមម្ចាស់ផ្ទះ បែលហ្ស៊ិក ទទួលបានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រមួយគ្រាប់មុន នៅនាទីទី២៣ប៉ុន្តែ Youri Tielemans ទាត់បាល់ពិន័យនោះមិនចូល។ ចូលដល់នាទីទី៣៥ ខាងបារាំងក៏មានបាល់ពិន័យ១១ម៉ែត្រមួយគ្រាប់វិញហើយធ្វើបានសម្រេចដោយ Randal Kolo Muani ។ នាទីទី៤៥+៣ Loïs Openda របស់ក្រុមម្ចាស់ផ្ទះក៏បានតាមបានស្មើ ហើយការប្រកួតក៏បានបញ្ចប់វគ្គទី១ក្នុងលទ្ធផល ១-១។

ចូលដល់វគ្គទី២ក្រុមទាំងពីរនៅតែសម្រុកគ្នាទៅវិញទៅមករហូតដល់នាទីទី៦២ Randal Kolo Muani របស់បារាំងដដែល ក៏ធ្វើបានគ្រាប់ទី២ បង្កើតការនាំមុខ ២-១។ ការប្រកួតក៏អូសបន្លាយដល់នាទីទី៧៦ខ្សែបម្រើ Aurelien Tchouameni របស់បារាំងក៏ទទួលបានកាតលឿងទី២ស្មើកាតក្រហមត្រូវបណ្តេញចេញពីទីលាន។ ដ្បិតតែទទួលបានកាតក្រហមនៅសល់កីឡាករលើទីលានតែ១០នាក់ក៏ពិតមែន ប៉ុន្តែបារាំងនៅតែរក្សាភាពខ្លាំង ហើយបែលហ្ស៊ីកហាក់មិនអាចវាយសម្រុកបានសម្រេចបានឡើយការប្រកួតក៏រក្សាលទ្ធផល ២-១ ដល់ចប់តែម្តង។

ដោយសារ ការរកគ្រាប់បាល់បានសម្រេចរបស់ Randal Kolo Muani បានធ្វើអោយបារាំងឈ្នះការប្រកួតដែលសល់គ្នាតែ១០នាក់បែបនេះ បានធ្វើអោយ គ្រូបង្វឹកលោក Didier Deschamps មានការពេញចិត្តចំពោះសមត្ថភាពរបស់គេយ៉ាងខ្លាំង។

លោក Didier Deschamps បាននិយាយអោយដឹងក្រោយចប់ការប្រកួតថា “គូប្រជែងរបស់យើងបានធ្វើអោយយើងជួបការពិបាកច្រើន ហើយយើងក៏បានធ្វើអោយកំហុសបច្ចេកទេសជាច្រើនដងទៀត។ ទោះយ៉ាងណា Randal Kolo Muani ជាកីឡាករដ៏ល្អមួយរូបដែលបានកែប្រែស្ថានការណ៍របស់ក្រុមយើង ហើយវាពិតជាល្អណាស់ដែលរូបគេបានរកគ្រាប់បាល់អោយយើងទទួលបានជ័យជំនះមកវិញ។”

លទ្ធផលជ័យជំនះនេះបានជួយបារាំងបន្តរក្សាលេខរៀងទី២ក្នុងតារាង League A ក្រុមទី២ដដែលដោយមាន៩ពិន្ទុហើយក្រុមដែលលេខ១គឺអ៊ីតាលី មាន១២ពិន្ទុពេញដែលលេងបាន៤ប្រកួតឈ្នះទាំង៤ ខណៈ បែលហ្ស៊ិក ស្ថិតនៅលេខ៣មានតែ៤ពិន្ទុប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង