×

លោក Thomas Tuchel ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស

អតីតគ្រូបង្វឹក Chelsea លោក Thomas Tuchel បានចុះកុងត្រាក្លាយជាគ្រូបង្វឹកថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។ នេះបើតាមការផ្សព្វផ្សាយពីសារព័ត៌មាន Sky Sports។

បុរសជនជាតិអាល្លឺម៉ង់ បានក្លាយជាគ្រូបង្វឹកមិនមែនជនជាតិអង់គ្លេសទី៣ ដែលមកដឹកនាំក្រុមតោកំណាច បន្ទាប់គ្រូបង្វឹកជនជាតិស៊ុយអែតលោក Sven-Goran Eriksson ដឹកនាំពីឆ្នាំ ២០០១-០៦ និង គ្រូបង្វឹកជនជាតិអ៊ីតាលី លោក Fabio Capello ដឹកនាំពីឆ្នាំ ២០០៧-១២។

លោក Thomas Tuchel ដែលបានដឹកនាំ Chelsea ឈ្នះ UEFA Champions League នៅឆ្នាំ២០២១ នឹងមកជំនួសគ្រូបង្វឹកបណ្តោះអាសន្នលោក Lee Carsley បន្ទាប់ពីបុរសវ័យ ៥០ឆ្នាំ បានដឹកនាំក្រុមអង់គ្លេសបានចំនួន៣ខែដែរ ក្រោយពីលោក Gareth Southgate លាលែងពីតំណែង បន្ទាប់ពីចាញ់ក្រុមអេស្ប៉ាញនៅក្នុងពានរង្វាន់ UEFA Euro 2024 កាលពីខែកក្កដា។

បុរសវ័យ៥១ឆ្នាំ មិនមានការងារដឹកនាំក្រុមបាល់ទាត់ណាមួយ ចាប់តាំងពីចាកចេញពី Bayern Munich កាលពីដំណាច់រដូវកាលមុន ក្រោយពីក្រុមនេះ បានបញ្ចប់ការប្រកួតក្របខណ្ឌ Bundesliga ត្រឹមចំណាត់ថ្នាក់លេខ៣ ពីក្រោមក្រុមលេខ២ VfB Stuttgart ខណៈតំណែងជើងឯកបានទៅលើ Bayer Leverkusen។

លោក Thomas Tuchel បានកសាងកេរ្ត៍ឈ្មោះរបស់ខ្លួនក្រោយបង្ហាញតាកតិកដឹកនាំក្រុមយ៉ាងល្អ ពេលកាន់តំណែងនៅ Mainz 05 ជំនួសលោក Juergen Klopp កាលពីឆ្នាំ២០០៩។ បន្ទាប់ពីនោះ លោក Tuchel បន្តទៅជំនួសតំណែងលោក Juergen Klopp ទៀត នៅ Borussia Dortmund កាលពីដំណាច់រដូវកាល ២០១៤-១៥ និងបានជួយក្រុមពណ៌លឿងឈ្នះពានរង្វាន់ German Cup នៅឆ្នាំ២០១៧។

លោក Tuchel បន្តទៅដឹកនាំ Paris St Germain នៅឆ្នាំ ២០១៨ ជំនួសលោក Unai Emeryដោយបានឈ្នះពានរង្វាន់ Ligue 1 ២ដង Coupe de France ១ដង Coupe de la Ligue ១ដង និង Trophée des Champions ២ដង។ លោកក៏បានជួយ Paris St Germain ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងនៅឆ្នាំ២០២០ តែបានចាញ់ Bayern Munich នៅពេលនោះ។

លោក Thomas Tuchel ក៏បន្តមកដឹកនាំ Chelsea នៅឆ្នាំ២០២១ និងបានជួយក្លិបឈ្នះពានរង្វាន់អន្តរជាតិធំៗចំនួន៣គឺ UEFA Champions League, UEFA Super Cup និង FIFA Club World Cup នៅឆ្នាំ២០២១ ទាំងអស់ មុនពេលទៅដឹកនាំ Bayern Munich នៅឆ្នាំ២០២៣ បានឈ្នះពានរង្វាន់ Bundesliga ១ដងផងដែរ ។

ការចូលមកដឹកនាំ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនេះ ជាការសាកល្បងថ្មីមួយសម្រាប់លោក Thomas Tuchel ដោយលោកមានភារកិច្ចនាំយកពានរង្វាន់ធំណាមួយមកអោយក្រុម បន្ទាប់ពីអង់គ្លេសបានឈ្នះពានរង្វាន់ FIFA World Cup តាំងពីឆ្នាំ១៩៦៦៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង