លោក Jose Mourinho គ្រូបង្វឹក Fenerbahce ដែលលេងនៅលីគកំពូលទួគី កំពុងសម្លឹងឃើញខ្សែប្រយុទ្ធវ័យក្មេង Ansu Fati របស់ក្លិប Barcelona។
ការចង់បានកីឡាករវ័យ២១ឆ្នាំរបស់លោក Jose Mourinho ព្រោះលោកចង់ពង្រឹងក្រុមនៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការជាលើកទីពីរនៅពាក់កណ្តាលរដូវកាលក្នុងខែមករា ២០២៥ខាងមុខនេះ។
Ansu Fati សញ្ជាតិអេស្បាញដើមកំណើតហ្គីណេ បានវិលត្រលប់មកកាន់ Barcelona នៅរដូវក្ដៅនេះ ក្រោយចំណាយពេលខ្ចីជើងរដូវកាលមុននៅក្លិប Brighton ក្នុងក្របខណ្ឌ Premier League។
កន្លងទៅ Ansu Fati ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ពិសេសក្រុមអ្នកគាំទ្រក្លិប Barcelona មើលឃើញថាជាអ្នកស្នងតំណែង Lionel Messi ក្រោយពីកីឡាករអាហ្សង់ទីន បានចាកចេញទៅកាន់ Paris Saint Germain នៅឆ្នាំ២០២១ មុនពេលបន្តផ្លាស់ទៅ Inter Miami នៅឆ្នាំ២០២៣។
បែបនេះក្តី Ansu Fati បច្ចុប្បន្នកំពុងតស៊ូដើម្បីទទួលបានឱកាសចូលលេងទៀងទាត់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Hansi Flick ដែលមិនបាន់ចាត់ទុករូបគេនៅក្នុងក្រសែភ្នែកដោយដាក់ជំនួសមកវិញដោយ Lamine Yamal និង Robert Lewandowski ព្រមជាមួយសមាជិកថ្មី Dani Omo ដែលកំពុងរងរបួសនៅឡើយ។
ដូច្នេះហើយទើប Ansu Fati កំពុងពិចារណាចាកចេញពី ក្លិប Barcelona ជាអចិន្ត្រៃយ៍ ស្របពេលនាយកផ្នែកកីឡារបស់ Fenerbahce លោក Mario Branco ត្រូវបានគេរំពឹងថានឹងទាក់ទងតំណាងកីឡាករអេស្ប៉ាញរូបនេះក្នុងពេលឆាប់ៗខាងមុខ ជាមួយទំនុកចិត្តថាពួកគេអាចទាក់ទាញ Ansu ជាមួយនឹងការផ្តល់ជូនពេលវេលាបង្ហាញខ្លួនចូលលេងបាល់បានទៀងទាត់សាឡើងវិញ និងដើម្បីប្រជែងតំណែងក្នុងជម្រើសជាតិអេស្ប៉ាញផងដែរ៕