×

ខ្សែប្រយុទ្ធ Lionel Messi ជាកីឡាករដំបូងគេឈ្នះពានរង្វាន់ MARCA America Award

ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាម្ចាស់ពានរង្វាន់ MARCA America Award 2024 ដែល បង្កើតឡើងដោយសារពត៌មានកីឡាដ៏ល្បី MARCA។

ពានរង្វាន់នេះទើបតែបង្កើតឡើង ក្នុងឆ្នាំនេះ ដែលធ្វើអោយសមាជិកក្លិប Inter Miami ក្លាយជាកីឡាករដំបូងគេ ដែលបានឈ្នះ។

វាក៏បានធ្វើអោយកីឡាករអាហ្សង់ទីន វ័យ ៣៧ឆ្នាំឈរឈ្មោះជាកីឡាករ ឈ្នះពានរង្វាន់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។ នៅក្នុងអាជីពជាកីឡាករបាល់ទាត់ Lionel Messi បានឈ្នះពានរង្វាន់ធំៗដូចជា Ballon d’Or ៨ដង FIFA Best Men’s Player ៣ដង UEFA Champions League ៤ដង Copa Americas ២ដង FIFA World Cup ១ដង រួមនឹងពានរង្វាន់ឯក្កតជនជាច្រើនទៀត។ សរុបពានរង្វាន់ដែល Messi បានឈ្នះជាមួយក្លិបគឺ ៤៦ដង ខណៈ ពានរង្វាន់ ឯក្កតជន ដែលគេបានឈ្នះ មានដល់ទៅ ៥៦ដង។

ឥឡូវនេះ បើទោះជា Lionel Messi មិនបានលេងអោយក្លិបនៅអឺរ៉ុប ដោយលេងអោយក្លិបនៅលីគកំពូលអាមេរិក Inter Miami ក្តី ប៉ុន្តែរូបគេ នៅតែបន្តនូវសក្កដានុពលដ៏លេចធ្លោ ដោយបានក្លាយជាអត្តពលិកដ៏ជោគជ័យ និង សំខាន់បំផុតមួយរូប នៅលើពិភពលោក តាមរយៈការឈ្នះពានរង្វាន់បង្កើតថ្មីមួយនេះ។

នៅក្នុងឱកាសទទួលបានពានរង្វាន់ MARCA America Award 2024 ពីនាយកគ្រប់គ្រង MARCA លោក Juan Ignacio Gallardo និង ម្ចាស់ក្លិប Inter Miami លោក Jorge Mas នោះ Lionel Messi បានបង្ហាញពីភាពរីករាយ និងមោទនភាពយ៉ាងខ្លាំង។

Messi បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំមានទំនាក់ទំនង យូរមកហើយជាមួយ MARCA។ ពួកគេមានខ្សែភ្នែកល្អទៅលើការជ្រើសរើសនិយាយអំពីកីឡាករឆ្នើម។ ឥឡូវនេះខ្ញុំបានឈ្នះពានរង្វាន់បន្ថែមពីពួកគេទៀត។ នេះជារឿងដែលខ្ញុំមានភាពរីករាយ និង មានកិត្តិយសបំផុត។”

ដោយឡែក ក្រោយឈ្នះពានរង្វាន់នេះហើយ Lionel Messi នឹងត្រៀមខ្លួនក្នុងការជួយក្រុម Inter Miami ប៉ះក្រុម New England Revolution ក្នុងពានរង្វាន់ Major League Soccer នៅចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង