ក្លិប Paris Saint-Germain បានបន្លាយកិច្ចសន្យាបន្ថែមទៀតដល់គ្រូបង្វឹកលោក Luis Enrique រហូតដល់ឆ្នាំ២០២៧។
កុងត្រារបស់បុរសជនជាតិអេស្ប៉ាញ នឹងផុតសុពលភាពនៅដំណាច់រដូវកាលនេះ បន្ទាប់ពីបានមកកាន់តំណែងនៅកីឡដ្ឋាន Parc des Princes កាលពីឆ្នាំ២០២៣ ដោយចុះកុងត្រារយៈពេល ២ឆ្នាំ។
រដូវកាលដំបូងនៃការដឹកនាំរបស់លោក Luis Enrique លោកបានជួយក្លិប Paris Saint-Germain ឈ្នះពានរង្វាន់ក្នុងស្រុកទាំងអស់ ដែលមាន ពានរង្វាន់ Ligue 1, Coupe de France និង Trophée des Champions ហើយក្លិបបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ផងដែរ។
នៅខណៈនេះ ទាំងក្លិប Paris Saint-Germain និង លោក Luis Enrique មិនទាន់ចេញមុខមកបញ្ជាក់អោយបានច្បាស់ពីលក្ខខណ្ឌបន្ថែមនៃកិច្ចសន្យាថ្មីនោះទេ ប៉ុន្តែថ្នាក់ដឹកនាំរបស់ក្លិប បានបង្ហាញភាពរីករាយ ជាមួយនឹងដំណើរការផ្សេងៗ ជាមួយបុរស វ័យ៥៤ឆ្នាំ។
លោក Luis Enrique ត្រូវបានទទួលការពេញចិត្តពីថ្នាក់ដឹកនាំក្លិប Paris Saint-Germain ដោយការមានតាកតិកក្នុងការបង្វឹកនិងអភិវឌ្ឈន៍កីឡាករថ្នាលរបស់ក្លិប ជាជាងការចំណាយច្រើន នាំយកកីឡាករថ្មីៗមកចូលរួម។
សម្រាប់ការប្រកួតនៅក្របខណ្ឌ Ligue 1 រដូវកាល ២០២៤-២៥ នេះ ដែរ លោក Luis Enrique នៅតែដឹកនាំ Paris Saint-Germain ទទួលបានលទ្ធផលល្អដដែល ដោយ៧ប្រកួតកន្លងមកពួកគេមិនទាន់ចាញ់ទេ គឺឈ្នះ៥ ស្មើ២ មាន១៧ពិន្ទុ ឈរលេខ២ តិចជាងក្រុមកំពូលតារាង Monaco ចំនួន២ពិន្ទុ។
Paris Saint-Germain នឹងបន្តការប្រកួតក្របខណ្ឌ Ligue 1 រដូវកាល ២០២៤-២៥ ដោយត្រូវប៉ះក្រុម Strasbourg នាកីឡដ្ឋាន Parc des Princes នៅចុងសប្តាហ៍នេះ៕