×

ខ្សែប្រយុទ្ធ Neymar ថា ខ្លួនរំភើបដល់ស្រក់ទឹកភ្នែកក្រោយអាចចូលទីលានវិញបាន

ខ្សែប្រយុទ្ធ Neymar បាននិយាយថា រូបគេមានក្តីរំភើបដល់ស្រក់ទឹកភ្នែកក្រោយពីបានធូរស្រាលរបួស ហើយអាចចូលរួមហ្វឹកហាត់ និង ការប្រកួតលើទីលានវិញបាន។

កីឡាករប្រេស៊ីល អាចនឹងបង្ហាញខ្លួនលើទីលានឡើងវិញសម្រាប់ការប្រកួតអោយក្លិប អារ៉ាប៊ីសាអូឌីត Al Hilal បន្ទាប់ពីអវត្តមានជិត ១ឆ្នាំ ដោយសារបញ្ហារបួសដាច់សរសៃពួរជង្គង់។ Neymar បានបាត់មុខពីទីលាន ចាប់តាំងពីរូបគេរងរបួសដាច់សរសៃពួរជង្គង់ធ្ងន់ធ្ងរ ត្រង់ជើងខាងឆ្វេង នៅពេលបំពេញបេសកកម្មប្រកួតជម្រុះ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូងជាមួយជម្រើសជាតិប្រេស៊ីល។ អតីតកីឡាករ Barcelona និង Paris Saint Germain បានវិលចូលទីលានហ្វឹកហាត់ក្លិប Al Hilal និងបានឆ្លងកាត់វគ្គហ្វឹកហាត់ពង្រឹងសមត្ថភាពឡើងវិញជាមួយក្រុមគ្រូបង្វឹកប្រចាំក្លិប។

ជុំវិញលទ្ធភាពនៃការបង្ហាញខ្លួនលើទីលានឡើងវិញនេះ ត្រូវបាន Neymar បង្ហាញពីក្តីរំភើប ហើយរូបគេបានសម្រក់ទឹកភ្នែកនៅពេលផ្តល់បទសម្ភាសន៍អំពីស្ថានភាពរបួសរបស់គេ។

កីឡាករវ័យ ៣២ឆ្នាំ បាននិយាយបែបនេះថា “ខ្ញុំមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ ពេលដឹងថា ខ្ញុំមានរបួសដ៏ធ្ងន់ធ្ងរហើយត្រូវសម្រាកយូរខែ។ អ្វីដែលខ្ញុំចង់ធ្វើបំផុតក្នុងជីវិតគឺការលេងបាល់ទាត់ ហើយខ្ញុំមានភាពតានតឹងរាល់ថ្ងៃដែលត្រូវសម្រាកព្យាបាលមិនអាចចូលទីលានបាន។ យ៉ាងណា ពេលនេះអ្វីៗបានធូរស្រាលហើយ ហើយខ្ញុំពិតជារំភើបខ្លាំងណាស់ ខ្ញុំមិនអាចរង់ចាំបានទេក្នុងការវិលមកកាន់ទីលានបាល់ទាត់វិញ។”

ដោយឡែក លោក Rodrigo Lasmar ជាគ្រូពេទ្យប្រចាំក្រុមជម្រើសជាតិប្រេស៊ីល បានធ្វើដំណើរទៅកាន់អារ៉ាប់ប៊ីសសាអូឌីត ដើម្បីពិនិត្យស្ថានភាពរបួសរបស់ Neymar ។ ក្រុមជម្រើសជាតិប្រេស៊ីល ក៏បានបង្ហាញក្តីរំពឹងថាកីឡាកររបស់ខ្លួននឹងអាចជួយក្រុមជម្រើសជាតិវិញ អំឡុងពេលប្រកួតជម្រុះ FIFA World Cup 2026 ទល់នឹងក្រុមវេណេស៊ុយអេឡា និងអ៊ុយរូហ្កាយ នៅខែវិច្ឆិកាខាងមុខ។

គួរបញ្ជាក់ថា Neymar ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំក្រុមជម្រើសជាតិប្រេស៊ីល បានចូលរួមលេងអោយក្លិប Al Hilal ក្រោយពីចាកចេញពីក្លិប Paris Saint Germain កាលពីឆ្នាំ ២០២៣។ រូបគេបានលេងអោយក្លិបការពារជើងឯក Saudi Pro League បាន ៥ប្រកួត ហើយក៏ជួបបញ្ហារបួស។ តាមការបង្ហើបប្រភពស្ថិតក្នុងក្លិបនៃលីគកំពូលអារ៉ាប៊ីសាអូឌីត កីឡាករប្រេស៊ីល នឹងអាចបង្ហាញខ្លួននៅថ្ងៃទី២១ ខែតុលា ក្នុងការប្រកួតពានរង្វាន់ AFC Champions League ទល់ក្រុមសហព័ន្ធអារ៉ាប់រួម Al Ain៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង