
ខ្សែបម្រើ Mohammed Kudus របស់ West Ham ប្រឈមមុខនឹងការដាក់ពិន័យ ក្រោយបង្កជម្លោះក្នុងការប្រកួតដែលពួកគេចាញ់ Tottenham Hotspur ដោយលទ្ធផល ៤-១ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។
ក្នុងការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Tottenham Hotspur Stadium កីឡាករ Mohammed Kudus ដែលជាអ្នករកគ្រាប់បើកឆាក អោយ West Ham បានមានបញ្ហាជម្លោះជាមួយកីឡាករ Tottenham Hotspur ចំនួន៣រូប។ ជាក់ស្តែង កីឡាករវ័យ២៤ឆ្នាំ បានមានបញ្ហាជម្លោះ និង ប្រើប្រាស់កម្លាំងបាយជាមួយ Micky van de Ven, Pape Matar Sarr និង Richarlison ថែមទៀត។
Mohammed Kudus ត្រូវបានពិន័យកាតក្រហមនៅនាទី ៨៦ ហើយចំពោះទង្វើរបស់គេ ត្រូវបាន សមាគមបាល់ទាត់អង់គ្លេស FA នឹងធ្វើការដាក់ពិន័យបន្ថែមនៅពេលក្រោយ បន្ទាប់ពីការត្រួតពិនិត្យ និង ការស៊ើបអង្កេតរួចរាល់។
ករណីរបស់កីឡាករជនជាតិហ្កាណា គឺស្រដៀងគ្នាទៅនឹងករណីរបស់ ខ្សែបម្រើ Joey Barton របស់ Queens Park Rangers ដែលបានប្រើប្រាស់កម្លាំងបាយ ទៅលើកីឡាករ៣រូបពេលប៉ះក្រុម Manchester City កាលពីឆ្នាំ២០១២ ដែលធ្វើអោយរូបគេត្រូវជាប់បម្រាមរហូតដល់ទៅ៩ប្រកួតឯណោះ។
ទោះយ៉ាងណា បញ្ហានេះត្រូវបានគ្រូបង្វឹក West Ham លោក Julen Lopetegui អះអាងថា លោកនឹងនិយាយជាមួយ Mohammed Kudus អំពីអាកប្បកិរិយារបស់គេ ប៉ុន្តែសម្រាប់ទង្វើរបស់គេក្នុងការប្រកួតទល់នឹង Tottenham Hotspur នោះ លោកយល់ថា វាមិនមែនជារឿងប្រើប្រាស់កម្លាំងបាយ ឬ ជម្លោះនោះទេ។
លោក Julen Lopetegui បាននិយាយដូច្នេះ “ អាកប្បកិរិយារបស់ Mohammed Kudus វាមិនល្អនោះទេទាំងសម្រាប់ខ្លួនគេ និង ក្លិប។ ប៉ុន្តែ ខ្ញុំអាចនិយាយបានថា ទង្វើរបស់គេមិនមានភាពធ្ងន់ធ្ងរ រហូតត្រូវមានការពិន័យនោះទេ។”
សម្រាប់ការប្រកួតចាញ់នោះ ក្រុម West Ham នៅឈរលេខ១៥ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League 2024-25 សប្តាហ៍ទី៨មាន ៨ពិន្ទុ រីឯ Tottenham Hotspur នៅលេខ ៧ មាន១៣ពិន្ទុ៕